(កំពង់ឆ្នាំង)៖ យុទ្ធនាការចុះដោះស្រាយទំនាស់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងពេល២៦ថ្ងៃពេញ ក្រោមការដឹកនាំ ផ្ទាល់ពីលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដោះស្រាយបញ្ចប់សំណុំរឿងទំនាស់នានារបស់ពលរដ្ឋ បានចំនួន៣៦ករណី ក្នុងចំណោម ៥០សំណុំរឿង។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក សាន់ យូ បានចុះដោះស្រាយទំនាស់ដីធ្លីមួយកន្លែងដែលជាសំណុំរឿងទំនាស់ចុងក្រោយ នៅក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ដែលជាករណីទំនាស់ដីភូមិ១ រវាងម្ដាយចុង នឹងកូនដើម ដែលទំនាស់នេះបានអូសបន្លាយជាយូរមកហើយ ក្រោមការខិតខំប្រឹងប្រែង របស់ក្រុមការងារ រួមនិងអាជ្ញាធរមូលដ្ឋានរហូតឈានដល់ការព្រមព្រៀងគ្នារវាងគូទំនាស់ទាំងសងខាង ដោយកូនដើមសុខចិត្តប្រគល់ដីភូមិដែលមានទំនាស់ខាងលើនេះ ទៅឱ្យម្ដាយចុងដែលមានអាយុជាង៨០ឆ្នាំដោយស្ម័គ្រចិត្ត ដើម្បីបញ្ចប់រឿង។

លោក សាន់ យូ បានឱ្យដឹងដែរថា ក្នុងរយៈពេល២៦ថ្ងៃ ក្នុងយុទ្ធនាការចុះដោះស្រាយទំនាស់ និងសំណូមពរនានាជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង ដោយបាន ចុះអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដោះស្រាយទំនាស់ផ្សេងៗបានចំនួន ៣៦ករណី ក្នុងចំណោម៥០ករណី ចំណែក១៤ករណីទៀត គឺជាសំណូមពរនានា របស់ប្រជាពលរដ្ឋ ដូចជាការស្នើសុំជីកស្រះទឹក អណ្ដូងទឹក។

លោក សាន់ យូ បានបន្ថែមថា ចំពោះសំណូមពរទាំង ១៤ខាងលើនេះ លោកនឹងចុះដោះស្រាយជូនពលរដ្ឋទាំងអស់ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះផងដែរ៕