(កណ្តាល)៖ កម្លាំងនគរបាលស្រុកកោះធំ សហការជាមួយ នគរបាលតាមមូលដ្ឋាន បានបើកប្រតិបត្តិការដេញចាប់ ក្រុមក្មេងទំនើង បានចំនួន១៥នាក់ ក្នុងចំណោមជាង៣០នាក់ ក្រោយពីពួកបានជិះម៉ូតូបើកភ្លើង ក្រវីទង់ជាតិ ស៊ីប្លេ និងស្រែកហ៊ោ តាមដងផ្លូវលេខ២១បេ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កអនាធិបតេយ្យ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ក្រោយពីពួកគេជួបជុំគ្នា នៅវត្តពោធិ៍អណ្តែត ភូមិពោធិ៍ក្នុង ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។
អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន បានបញ្ជាក់ថា ជាលទ្ធផលកម្លាំងនគរបាលរបស់លោក បានឃាត់ក្រុមក្មេងទំនើង ១៥នាក់ និងម៉ូតូ៩គ្រឿង។
បើតាមលោកអធិការ កាលពីវេលាម៉ោងប្រមាណ ១៖០០នាទីរសៀល ក្រុមក្មេងទំនើងមួយក្រុមធំ មានគ្នាប្រមាណ៣០នាក់លើស បានជួបជុំគ្នានៅវត្តពោធិ៍អណ្តែត រួចក៏នាំគ្នាជិះម៉ូតូទាំងហ្វូង បើកភ្លើង ក្រវីទង់ជាតិ ស៊ីប្លេពេញផ្លូវសាធារណៈ (ផ្លូវជាតិ២១បេ) និងស្រែកជ័យយោ ធ្វើឲ្យបាត់បង់ភាពថ្លៃថ្នូរ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងខ្លាំង ។
ក្រោយមកក៏មានបណ្តឹង តាមទូរស័ព្ទពីប្រជាជន និងគណៈអភិបាលស្រុក ភ្លាមនោះលោកអធិការបានដឹកនាំកំលាំងនគរបាលស្រុក និងកំលាំងប៉ុស្តិ៍រដ្ឋបាលទាំង ១១ ប៉ុស្តិ៍ចុះផ្ទាល់ធ្វើការឡោមព័ន្ធក្មេងទំនើងទាំងនោះ បាននៅវេលាម៉ោង ២៖១០នាទីរសៀល ក្នុងវត្តពោធិ៍អណ្តែត ឃុំព្រែកស្តី។
តាមរយៈបទបញ្ជាពីលោកស្នងការ អ៊ាវ ចំរើន កំលាំងនគរបាលស្រុកកោះធំ បាននាំក្មេងទំនើងទាំងនោះ មកកាន់អធិការដ្ឋាន ដើម្បីអប់រំ និងអញ្ជើញអាណាព្យាបាល មកធ្វើកិច្ចសន្យាធានាឲ្យត្រឡប់ទៅផ្ទះវិញ ។ ក្មេងទំនើង និងវត្ថុតាង ត្រូវបានប្រគល់ជូនអាណាព្យាបាលគ្រប់ចំនួន ដើម្បីយកទៅអប់រំបន្ត នៅវេលាម៉ោង ៥៖៥០នាទីរសៀល ថ្ងៃខែឆ្នាំដដែល។
លោក ឈឿន ប៊ុនឆន បានបន្តទៀតថា ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ២០១៦ លោកស្នងការ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ធ្វើយ៉ាងមិនមានក្មេងទំនើង បង្កសកម្មភាពវឹកវរ ធ្វើឲ្យខូចបរិយាកាសសប្បាយរីករាយ របស់ប្រជាពលរដ្ឋឡើយ ពិសេសហាមដាច់ខាត អ្នកស្រវឹងជោកជាំជិះយានជំនិះ បង្ករគ្រោះថ្នាក់ដល់អ្នកដទៃ៕