(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់តំណាងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងអំណោយជាសម្ភារ ថវិកា និងគ្រឿងឧបភោគ បរិភោគ មកឧបត្ថម្ភដល់កងកម្លាំងនគរបាល វរសេនាតូចលេខ៨២៧ ការពារព្រំដែនគោក និងវរសេនាតូចលេខ២៦៩ ការពារព្រំដែនទឹក ក្នុងភូមិសាស្ត្រខេត្តកោះកុង។

ថវិកា និងអំណោយទាំងនេះត្រូវបានលោកស្រី សុភ័គ្គ ថាវី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក សំឃិត វៀន អភិបាលរងខេត្តកោះកុង ព្រមទាំងមន្ត្រីពាក់ព័ន្ធនាំយកទៅប្រគល់ជូន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោកបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងក្រុមហ៊ុនដៃគូសម្ព័ន្ធភាព តែងតែ បាននាំយកនូវអំណោយជាសម្ភារៈ ថវិកា និងគ្រឿងឧបភោគ បរិភោគ មកឧបត្ថម្ភដល់កងកម្លាំងនគរបាល វរសេនាតូចលេខ៨២៧ ការពារព្រំដែនគោក និងវរសេនាតូចលេខ២៦៩ ការពារព្រំដែនទឹក។

លោកស្រីបានឱ្យដឹងថា ទាំងនេះជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និងការគិតគូរយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់របស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងលើកទឹកចិត្តពីសមរភូមិក្រោយ ចំពោះកងកម្លាំងនគរបាល របស់យើងទាំងអស់ ដែលបានការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន ហើយលោកជំទាវអភិបាលខេត្តក៏សូមចូលរួមឧបត្ថម្ភគាំទ្រ នូវថវិកាចំនួន៧លានរៀលផងដែរ។

បើតាមលោកអភិបាលរងខេត្ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ សង្គមបានល្អ ព្រមទាំងជម្រុញអោយមានការអភិវឌ្ឍជាបន្តបន្ទាប់ឥតឈប់ឈរ។ ដោយឡែកទឹកដីកោះកុង ក៏មានឱកាសទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ ទទួលបាននូវការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។ រដ្ឋបាលខេត្តកោះកុង រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានលក្ខណៈល្អប្រសើរ ជាពិសេសតាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។

លោក សំឃិត វៀន បានបន្តថា រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានបំពេញមុខងារ តួនាទីរបស់ខ្លួនទទួលបានលទ្ឋផលខ្ពស់ ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ដែលបានកំណត់ជាពិសេសបានផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ នៅទូទាំងខេត្ត ទទួលលទ្ឋផលល្អប្រសើរ។ មួយវិញទៀតកងកម្លាំងនគរបាលក្នុងភូមិសាស្ត្រខេត្តកោះកុង ទាំងកងកម្លាំងការពារព្រំដែនគោក និងព្រំដែនទឹកទាំងអស់ បានឈរជើងយ៉ាងរឹងមាំ ក្នុងការរក្សា ការពារបូរណភាពទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានល្អប្រសើរ។ ចំពោះកិច្ចការថែរក្សា ការពារសុខមាលភាព ជូនប្រជាពលរដ្ឋ មកដល់ពេលនេះ នៅ ទូទាំងខេត្តកោះកុង ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានប្រមាណ ៩៣.៧៣ភាគរយ ប្រៀបធៀបនឹងចំនួនប្រជាជន និងកងកម្លាំងទាំងអស់ក្នុងខេត្ត ១៣៦,៣២០នាក់។

ទន្ទឹមនឹងលទ្ធផលដ៏ល្អប្រសើរ ដែលបានការយកចិត្តទុកដាក់ពីប្រមុខ រាជរដ្ឋាភិបាល និងការខិតខំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ រួមជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ក្នុងនៃដំណើការ ចាក់វ៉ាក់សាំង ខេត្តកោះកុងក៏មាន អ្នកដែលវិជ្ជមានជំងឺកូវីដ១៩ សរុប ចំនួន ៥,៩៥៩នាក់ អ្នកដែលបានជាសះស្បើយពីជំងឺ ចំនួន ៥,៨៧០នាក់ និងកំពុងសម្រាកព្យាបាល ចំនួន ៣០នាក់ ហើយក៏មានអ្នកស្លាប់ ចំនួន ៥៩នាក់ផងដែរ (គិតត្រឹមល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកានេះ)៕