(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះ ប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នាវេលាម៉ោង ៨៖៤០នាទី យប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យនោះ ជាលទ្ធផលនៃការខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន៥០ខ្នង ស្មើនឹង៥២គ្រួសារ ត្រូវបានឆេះទាំងស្រុង ព្រមទាំងខូចខាតទ្រព្យសម្បត្តិ និងសម្ភារជាច្រើន។
សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះទាំង៥០ខ្នងនេះ រួមមាន ផ្ទះនៅភូមិព្រែកតាគង់ឆេះអស់១៩ខ្នង និងផ្ទះនៅភូមិព្រែកតានូឆេះអស់៣១ខ្នង។ សម្រាប់ប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យមួយនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានប្រើពេល៣ម៉ោង និងប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២៦គ្រឿង និងបានប្រើទឹកអស់៥២ជើង រហូតរលត់ទាំងស្រុង នៅវេលាម៉ោងជិត ១២៖០០នាទីយប់ថ្ងៃដដែល។
យ៉ាងណាក៏ដោយ សម្រាប់គ្រោះអគ្គិភ័យដែលបានកើតឡើងនៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឫអ្នករងរបួសនោះទេ ហើយមូលហេតុពិតប្រាកដក៏សមត្ថកិច្ច មិនទាន់បានបញ្ជាក់ផងដែរ ខណ:ដែលសេចក្តីរាយការណ៌ខ្លះបានឲ្យដឹងថា អាចបណ្តាលមកពីឆ្លងចរន្តភ្លើង។