(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសចូលកាន់តំណែងលោក ស្រេង សុខា ជាអភិបាលស្រុកបាណន់ ជំនួសលោក ប៉ែន សារិយូ។

លោក សុខ លូ បានលើកឡើងថា តួនាទីដែលផ្ដល់ជូននេះគឺជាអំរែក ម្ខាងរែករាស្រ្ត និងម្ខាងរែកច្បាប់ ដូច្នេះហើយត្រូវយកតួនាទីនេះទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីជាប្រយោជន៍ និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងត្រូវខិតខំប្រឹងប្រែងបម្រើរាស្ត្រ និងអនុវត្តច្បាប់ ដោយផ្សារភ្ជាប់សុខទុក្ខដល់ខ្នងផ្ទះប្រជាពលរដ្ឋ។

លោកបានផ្ដល់អនុសាសន៍បន្តថា អភិបាលស្រុកថ្មី គប្បីបន្តការយកចិត្តទុកដាក់ក្នុងការបំពេញការងារ ទាំងផ្លូវរដ្ឋ និងទាំងផ្លូវគ្រួសារ ដោយប្រកាន់ភ្ជាប់ព្រហ្មវិហារធម៌ទាំង៤ មានវប្បធម៌សាមគ្គី ចែករំលែកដល់ថ្នាក់ក្រោម។

លោកអភិបាលខេត្តបានហាមប្រាមជាកំហិតថា «កុំយកតួនាទីទៅធ្វើអាជីវកម្ម បក្ខពួក គ្រួសារនិយម ដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍មន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋ ដែលពួកគាត់តែងតែគោរពស្រឡាញ់ ប្រមុខរាជរដ្ឋាភិបាលរបស់យើង»

លោកក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តធ្វើការផ្សព្វផ្សាយពីវិធានការ «៣កុំ, ៣ការពារ» របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ជាមួយគ្នានោះ ត្រូវធ្វើការត្រួតពិនិត្យក្តាប់សភាពការរួមអំពីអ្នកចំណូលថ្មី បន្តពង្រឹងការគ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមចំពោះប្រជាពលរដ្ឋ ព្រោះថាកត្តាមូលដ្ឋានគឺជាកត្តាកំណត់ភាពជោគជ័យទៅថ្ងៃខាងមុខ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោក ស្រេង សុខា ជាអភិបាលស្រុកបាណន់ ខេត្តបាត់ដំបង។

នៅក្នុងអនុក្រឹត្យសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «តែងតាំងលោក ស្រេង សុខា ឋានន្តរស័ក្តិឧត្តមន្រ្តីថ្នាក់លេខ៣ ឲ្យកាន់តំណែងជាអភិបាល នៃគណៈអភិបាលស្រុកបាណន់ ខេត្តបាត់ដំបង»