(ភ្នំពេញ)៖ លោកស្រី ឆាយ ស៉ីវលីន បានបន្តជាប់ជាប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) សម្រាប់អាណត្តិទី៩ ចាប់ពីឆ្នាំ២០២១-២០២៤។ នេះបើតាមលោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា និងជាប្រធានគណៈកម្មការបោះឆ្នោត ដែលបានបញ្ជាក់ក្នុងការបោះឆ្នោតជ្រើសរើសគណៈកម្មការសមាគមទេសចរណ៍កម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារ Courtyard by Marriott សង្កាត់បឹងរាំង២ ខណ្ឌដូនពេញ។

លោក ហូ វណ្ឌី បានឱ្យដឹងថា ដើមឡើយ សមាគមមានបេក្ខជនឈរឈ្មោះចំនួន២រូប រួមមាន លោកស្រី ឆាយ ស៉ីវលីន និងលោក ម៉េង ផល្លា ប៉ុន្តែលោក ម៉េង ផល្លា បានស្នើសុំដកឈ្មោះចេញពីបេក្ខជនប្រធានសមាគមនេះវិញ ដោយលោកចង់ឈរឈ្មោះនៅក្នុងគណៈកម្មការនៃសមាគម CATA វិញ។ ដូច្នេះបេក្ខជនឈរឈ្មោះជាប្រធានសមាគម គឺមានតែលោកស្រី ឆាយ ស៉ីវលីន តែម្នាក់គត់។

លោកបានបន្តយ៉ាងដូច្នេះថា «ដោយសារតែបេក្ខជនឈរឈ្មោះជាប្រធានមានតែម្នាក់ ដូច្នេះហើយទើបគណៈកម្មការរៀបចំការបោះឆ្នោតសមាគម CATA បានសម្រេចជាឯកច្ឆ័នតែងតាំងលោកស្រី ឆាយ ស៉ីវលីន ជាប្រធានសមាគម CATA សម្រាប់អាណត្តិទី៩ ឆ្នាំ២០២១-២០២៤»

សូមជម្រាបថា ស្ត្រីឆ្នើមក្នុងវិស័យទេសចរណ៍រូបនេះ បានជាប់ជាប្រធានសមាគមទេសចរណ៍កម្ពុជាចំនួន២អាណត្តិមកហើយ បន្ទាប់ពីលោក ហូ វណ្ឌី៕