(រតនគិរី)៖ ដើម្បីជំរុញលើការងារបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ឱ្យបានគ្រប់គ្រាន់លេីផ្លូវនានាក្នុងភូមិសាស្ត្រខេត្តរតនគិរី លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានបង្ហាញការគាំទ្រពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ នៅក្នុងខេត្តរតនគិរី។

ការបង្ហាញការគាំទ្រនេះ គឺធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្ត ក្នុងឱកាសដែលលោកបានទទួលជួបពិភាក្សាការងារជាមួយលោក អា អូគី ប្រធាននាយកដ្ឋានផ្នែកលក់តំណាងក្រុមហ៊ុនជប៉ុន មីនេបៀខេមបូឌា (Minebea Mitsumi) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវ ឆ្លាតវៃប្រភេទ LED។

ក្នុងឱកាសនោះ លោក អា អូគី បានសម្ដែងនូវការអរគុណ ចំពោះលោកអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីគម្រោងដែលក្រុមហ៊ុនបានសិក្សាពីទីតាំងភូមិសាស្រ្ត ដែលរដ្ឋបាលខេត្តបានចង្អុលបង្ហាញក្នុងការបំពាក់ភ្លើងបំភ្លឺ ដែលគ្រោងនឹងធ្វើការវិនិយោគ លើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវៃនៅលើទឹកដី ខេត្តរតនគិរី។ ក្នុងនេះភាគីក្រុមហ៊ុនបានធ្វើបទបង្ហាញពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃជូនលោកអភិបាលខេត្តផងដែរ។

លោក ញ៉ែម សំអឿន បានថ្លែងនូវការអរគុណចំពោះតំណាងក្រុមហ៊ុនជប៉ុន មីនេបៀខេមបូឌា (Minebea Mitsumi) ដែលមានបំណងធ្វើការវិនិយោគភ្លើងបំភ្លឺផ្លូវសាធារណៈនៅពេលនេះ ហើយរដ្ឋបាលខេត្តសង្ឃឹមថាក្រុមហ៊ុននឹងបន្ធូរបន្ថយនូវតម្លៃសមស្រប ទៅនឹងបរិបទ នាពេលបច្ចុប្បន្ននេះ ដេីម្បីរដ្ឋបាលខេត្តរកកញ្ចប់ថវិកា សម្រេចលេីគម្រោងមួយនេះឈានទៅដាក់ឱ្យដំណេីរការ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តរតនគិរី សូមគាំទ្រសហការ ផ្តល់ឱកាសឱ្យក្រុមហ៊ុនវិនិយោគលើវិស័យផ្គត់ផ្គង់ ភ្លើងបំភ្លឺផ្លូវសារធារណៈនៅក្នុងខេត្តរតនគិរី ដែលនឹងរៀបចំឡេីងនាពេលខាងមុខ ក្រោយពិនិត្យសិក្សា និងឯកភាពគ្នាលេីគម្រោងមួយនេះរួចរាល់៕