Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះរាជអាជ្ញារងខេត្តព្រះវិហារ ដឹកនាំកម្លាំងអាវុធហត្ថឃាត់ខ្លួនម្ចាស់បំណុលម្នាក់ ក្រោយប្រើអំពើហិង្សាលើកូនបំណុលបណ្តាលឲ្យរបួសធ្ងន់រួចរត់គេចខ្លួន

25-11-2021 16:59

(ព្រះវិហារ)៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងព្រះវិហារ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងខេត្ត ឃាត់ខ្លួននៅចំណុចបេនឡាន ស្ថិតក្នុងភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីបុរសរូបនេះ បានប្រើអំពើហិង្សាលើបុរសម្នាក់ទៀតបណ្តាលឲ្យរងរបួសធ្ងន់រួចគេចខ្លួនបាត់។

លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ បានថ្លែងថា ការឃាត់ខ្លួនបុរសជាជនសង្ស័យរូបនេះ គឺយោងតាមពាក្យបណ្តឹងរបស់បុរសជាជនរងគ្រោះ ដែលបានដាក់ពាក្យប្តឹងមកអយ្យការសាលាដំបូងខេត្ត កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបុរសជាជនសង្ស័យរូបនេះ បានប្រើប្រាស់អំពើហឹង្សាមកលើខ្លួន។

លោកព្រះរាជអាជ្ញារង បានថ្លែងឲ្យទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ខេង វត្ថា ហៅហៀង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឆែបមួយ ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ ចំណែកជនរងគ្រោះមានឈ្មោះ យិន ចិន្ទ្រី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោក វុធ សាវី ថ្លែងដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ជនរងគ្រោះបានធ្វើដំណើរដោយរថយន្តជាមួយអ្នកស្គាល់គ្នាចេញពីភូមិស្វាយប៉ាត ទៅលេងទឹកធ្លាក់ព្រះនិម្មិត លុះទៅដល់ស្រុកឆែប ឃើញក្មេងបីមាន់ជល់ខ្លួនក៏ទៅតាមដើម្បីលេងមានជល់ លុះពេលកំពុងឈរលេងមាន់ ស្រាប់តែជនសង្ស័យឃើញក៏ដើរមកពីក្រោយ សួរថា មិចហើយរឿងលុយ? ពេលនោះជនរងគ្រោះឆ្លើយថា បងឯងជេរទាំងម្ចាស់លុយហើយជេរម្រាយខ្ញុំទៀត បងនៅមករកលុយអីទៀត?។

បន្ទាប់ពីជនរងគ្រោះនិយាយបែបនេះ ជនសង្ស័យជាម្ចាស់បំណុលឡើងកំហឹង ក៏ស្ទុះវាយជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ បាក់ចង្អុលដៃស្តាំ និងបែកមាត់។ មិនតែប៉ុណ្ណោះជនសង្ស័យថែមទាំងបានពោលពាក្សថា ទៅប្តឹងទៅ អញចាំនៅប៉ុស្តិ៍ប៉ូលីស ទើបជនរងគ្រោះកើតទុក្ខមិនសុខចិត្តក៏បានដាក់ពាក្យប្តឹងមកលោកព្រះរាជ្ញអាជ្ញាអមសាលាដំបូងខេត្ត ឲ្យចាត់ការទៅតាមច្បាប់ ថែមទាំងទាសំណងជំងឺចិត្តចំនួនទឹកប្រាក់៣ម៉ឺនដុល្លារផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមច្បាប់៕