(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកឧត្ដមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំនាយ នាយករង កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចុះច្រូតស្រូវជួយប្រជាពលរដ្ឋ នៅក្នុងឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានគូសបញ្ជាក់ថា សកម្មភាពនេះគឺជាការងារសង្គមមួយ ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ បន្ទាប់ពីការអនុវត្តនូវការងារស្នូលរបស់កងកម្លាំងរាជអាវុធហត្ថ បានយ៉ាងខ្ជាប់ខ្ជួន ពិសេសអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឲ្យដឹងថា កន្លងទៅក្រៅពីការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក៏បានចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្មផងដែរ តាមរយៈការបន្ដអប់រំផ្សព្វផ្សាយពីវិធានការការពារ ពិសេសវិធានការ៣ការពារ និង៣កុំ ដែលបានដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕