(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា បុរសម្នាក់ដែលផុសជេរប្រមាថមើលងាយមកលើសមត្ថកិច្ច តាមបណ្តាញសង្គម Facebook បានចូលខ្លួនមកទទួលស្គាល់កំហុស ធ្វើកិច្ចសន្យា និងបានថតជាវីដេអូសុំទោសជាសាធារណៈ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកានេះថា «ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅឈ្មោះ សំរិត រីក អាយុ២៧ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ១១៧ ផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាម្ចាស់គណនីហ្វេស ប៊ុកឈ្មោះ Marc André ដែលបានចែករំលែងវីដេអូ (Share) ដែលបានសរសេរខ្លឹមសារជាអក្សរជេរប្រមាថមកលើសមត្ថកិច្ចកិច្ចធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរដល់មន្រ្តីអនុវត្តច្បាប់»។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តថា ឈ្មោះ សំរិត រីក បានចូលខ្លួនមកបំភ្លឺ និងបានទទួលនូវកំហុសខុសឆ្គងដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការថតវីដេអូសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ ជាពិសេសសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់ដើម្បីសុំការលើកលែងទោសផងដែរ៕