(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានថ្លែងបញ្ជាក់ថា វិធានការដំឡើងពន្ធលើផលិតផលថ្នាំជក់ គឺជាយុទ្ធសាស្ត្រឈ្នះឈ្នះ ដើម្បីកាត់បន្ថយការស្លាប់ និងការឆ្លងជំងឺនានារបស់ប្រជាពលរដ្ឋ ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់។

លោកវេជ្ជបណ្ឌិត មុំ គង់ បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងកម្មវិធីប្រកួតនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ ក្រោយប្រធានបទ៖ វិធានការពន្ធថ្នាំជក់ និងជំងឺកូវីដ១៩» ដោយកម្មវិធីក៏មានការ ចូលរួមពីតំណាងក្រសួងអប់រំ ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ដែលបានរៀបចំឡើងនៅក្នុង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកវេជ្ជបណ្ឌិត មុំ គង់ បានបន្ថែមថា នៅពេលដំឡើងពន្ធថ្នាំជក់នោះ រដ្ឋនឹងបានប្រាក់ចំណូលពន្ធបន្ថែមទៀត ហើយបទពិសោធន៍ប្រទេសនានានៅជុំវិញពិភពលោក ក៏ដូចជាប្រទេសនៅអាស៊ាន ក៏បានបញ្ជាក់ច្បាស់ថា នៅពេលដែលគេដំឡើងពន្ធលើផលិតផលថ្នាំជក់ នោះចំណូលពន្ធរដ្ឋកើតឡើងមានជាអាទិ៍ដូចជា ប្រទេសថៃ សឹង្ហបុរី និងហ្វីលីពីនជាដើម ជាពិសេសនោះនឹងទទួលបានថវិកាច្រើនចូលរដ្ឋ សម្រាប់ធ្វើការចំណាយលើការថែទាំ សុខភាពរបស់ពលរដ្ឋ ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ១៩ផងដែរ។

លោកវេជ្ជបណ្ឌិត បានបន្ថែមដែរថា ការជក់បារីមិនត្រឹមតែជាកត្តាដែលបង្ករឱ្យមានការចម្លងជំងឺកូវីដ១៩នោះទេ ហើយអ្នកជក់បារីនោះក៏អាចក្លាយជាជំងឺកូវីដ១៩ធ្ងន់ធ្ងរ ផងដែរ ដោយសារតែពួកគាត់មានការខូចខាត សួតស្រាប់ទៅហើយ ដូច្នេះហើយអ្នកជក់បារីប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតកាន់តែធ្ងន់ធ្ងរ បើពួកគេឆ្លងជំងឺកូវីដ១៩។ ម្យ៉ាងទៀតការជក់បារីក៏បង្កើនឱកាសនៃការឆ្លងជំងឺកូវីដ-១៩ ដោយសារការប៉ះពាល់ផ្ទាល់រវាងដៃ មាត់ និងបារី ធ្វើឲ្យមានហានិភ័យខ្ពស់ក្នុងការឆ្លងផងដែរ។

សូមបញ្ជាក់ថា ការប្រើប្រាស់ផលិតផលថ្នាំជក់ ជាបន្ទុកមួយសម្រាប់រដ្ឋាភិបាលដោះស្រាយ ដោយសារការប្រើប្រាស់ផលិតផល ថ្នាំជក់បង្កឲ្យប្រជាពលរដ្ឋ ឈឺ ស្លាប់ ពិការ ក្នុងនោះប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥ ០០០នាក់ បានស្លាប់ដោយសារតែការជក់បារី។ មិនតែប៉ុណ្ណោះការប្រើប្រាស់ថ្នាំជក់ធ្វើឲ្យខាតបងថវិការប្រមាណ ៦៤៩លានដុល្លារ ដែលស្មើនឹង៣ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។

គួរបញ្ជាក់ថា កម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះមានការចូលរួមពីយុវជនឆ្នើម ចំនួន៥នាក់ ដែលត្រូវបានជ្រើសរើស ក្នុចំណោមយុវជនជាច្រើន នៅវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ ហើយចំណាត់ថ្នាក់ជ័យលាភី ៣រូប នឹងត្រូវបានជ្រើសរើសជាមួយនឹងពានរង្វាន់កិត្តិយស ២រូបទៀត នៅវគ្គផ្ដាច់ព្រ័ត្រនេះផងដែរ៕