(ភ្នំពេញ)៖ ការចុះឈ្មោះបោះឆ្នោតមានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋ ដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។

ប្រសិនបើមិនបានចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទេនោះ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមិនមានសិទ្ធិចូលរួមបោះឆ្នោតនោះឡើយ។

សម្រាប់ការឆ្នាំ២០២១នេះ គ.ជ.ប ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានរយៈពេល៥០ថ្ងៃ។ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សល់តែរយៈពេល៥ថ្ងៃទៀតប៉ុណ្ណោះ ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោតនឹងត្រូវបញ្ចប់។

គ.ជ.ប បានប្រកាសថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនេះ ធ្វើឡើងរៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ។ ពេលព្រឹកធ្វើការចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង ២៖០០នាទី ដល់ម៉ោង ៥៖៣០នាទី នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ-សង្កាត់។

ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋមានសញ្ជាតិកម្ពុជាទាំងពីរភេទ ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

+ ក៖ ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២) គឺកើតមុន ឬត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤ ហើយដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅទាំងអស់ អាចសុំចុះឈ្មោះបោះឆ្នោតបាន។

+ ខ៖ ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះឈ្មោះបោះឆ្នោត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត៖

*បើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ស្ថិតនៅក្នុងឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋកំពុងរស់នៅ និងសុំចុះឈ្មាះត្រូវគ្នា នោះក្រុមចុះឈ្មោះបោះឆ្នោតនឹងរៀបចំចុះឈ្មោះជូនតាមនីតិវិធីរបស់ គ.ជ.ប

*បើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសពីឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋសុំចុះឈ្មោះ នោះប្រជាពលរដ្ឋត្រូវយកបន្ថែមនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ-សង្កាត់ ដែលស្នើសុំចុះឈ្មោះ។

*ការធ្វើលិខិតបញ្ជាក់ទីលំនៅត្រូវធ្វើនៅឃុំ-សង្កាត់ ទៅតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្ន (ក៩) និងសាក្សីម្នាក់ ដែលជាប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ជាមួយគ្នា។

*ក្នុងករណីប្រជាពលរដ្ឋគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នោះប្រជាពលរដ្ឋត្រូវទៅជួបមេឃុំ ឬចៅសង្កាត់ ដើម្បីស្នើសុំឯកសារបញ្ជាក់អត្ត-សញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ដោយត្រូវនាំទៅជាមួយនូវសំបុត្របញ្ជាក់កំណើត ឬឯកសារបញ្ជាក់ពីសញ្ជាតិ រូបថត ៣x៤ ចំនួន ០២សន្លឹក និងសាក្សី០២រូប ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ-សង្កាត់ជាមួយគ្នា (សាក្សីត្រូវតែមិនមែនជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ឬស្មៀនឃុំ-សង្កាត់)។

+ គ៖ បើប្រជាពលរដ្ឋមិនបានបំពេញតាមលក្ខខណ្ឌដូចបានជម្រាបជូនខាងលើទេ នោះប្រធានក្រុមចុះឈ្មោះបោះឆ្នោតនឹងសម្រេចបដិសេធការស្នើសុំចុះឈ្មោះ ដោយចេញទម្រង់បដិសេធ ១០០៩ ហើយប្រជាពលរដ្ឋដែលត្រូវបានបដិសេធអាចប្តឹងទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលទម្រង់បដិសេធ ១០០៩ ហើយនីតិវិធីត្រូវធ្វើបន្តបន្ទាប់តាមច្បាប់បោះឆ្នោតរហូតដល់ក្រុមប្រឹក្សាធម្មនុញ្ញ។

សម្រាប់ប្រជាពលរដ្ឋដែលធ្លាប់ចុះឈ្មោះរួចហើយ មិនតម្រូវឱ្យចុះទៀតនោះឡើយ តែត្រូវទៅពិនិត្យមើលតើឈ្មោះរបស់ខ្លួននៅមានក្នុងបញ្ជីដែរឬទេ? ការពិនិត្យឈ្មោះនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរទៅកាន់ឃុំ សង្កាត់ ឬអាចចូលទៅរកឈ្មោះតាមគេហទំព័ររបស់ គ.ជ.ប (https://voterlist.nec.gov.kh (https://voterlist.nec.gov.kh/))។

សូមបញ្ជាក់ថា គ.ជ.ប តែងបានរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឱ្យពលរដ្ឋមានអាយុគ្រប់ ១៨ឆ្នាំ អាចចូលរួមបោះឆ្នោតបាន។ សម្រាប់ឆ្នាំ២០២១នេះ គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ចំនួន ១,៦៣៥,៩៩០នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ៨៣,០៤៣នាក់៕