(សៀមរាប)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៤ ខែមេសានេះ បានថ្លែងអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់ រួមគ្នាថែរក្សាសន្ត្តិភាព ជាមួយសម្តេច ដើម្បីបន្តអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែជឿនលឿនបន្ថែមទៀត។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ បើកព្រឹតិ្តការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦ នៅតំបន់អង្គរខេត្តសៀមរាប។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានថ្លែងសុំនូវការយោគយល់ចំពោះមិត្តបរទេស ចំពោះអ្វីគ្រប់យ៉ាងដែលរាជដ្ឋាភិបាលកម្ពុជាធ្វើ ដើម្បីថែរក្សាសុខសន្តិភាពជូនប្រជាជន និងប្រទេសជាតិ។ សម្តេចថ្លែងបន្តថា នៅពេលដែលប្រទេសជាតិគ្មានសុខសន្តិភាព អ្នកដែលពិបាក គឺជាប្រជាជនកម្ពុជា មិនមែនជាការលំបាករបស់មិត្តបរទេសនោះឡើយ។
លើសពីនេះទៅទៀតនោះ សម្តេចតេជោ ហ៊ុន សែន ប្រឆាំងដាច់ខាតចំពោះជនម្នាក់ ឬ២នាក់ ឬក្រុមណាដែលចង់បង្កអរិយភាពក្នុងប្រទេសកម្ពុជា ក្នុងបំណងដើម្បីផលប្រយោជន៍របស់ពួកគេ៕