(កណ្តាល)៖ ករណីអំពើហិង្សាដោយចេតនាមួយ បានកើតឡើងនៅក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបុរសស្រវឹងស្រាម្នាក់ បានមកស្រែកជេរ និងវាយគេដល់ផ្ទះ ហើយក៏ត្រូវកូនប្រុសម្ចាស់ផ្ទះ ស្វាគមន៍នឹងផ្លែចប បណ្តាលឲ្យរងរបួសធ្ងន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
អំពើហិង្សានេះ កើតឡើងនៅម៉ោង ៤៖៣០នាទីរសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្ទះ ឈ្មោះ រុន សុធារ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ ក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ហើយជនរងគ្រោះដែលរងរបួសធ្ងន់ ឈ្មោះ រី ស្មៀន ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ រងរបួសចំសៀតផ្កាខាងស្តាំ ខណៈជនល្មើស ដែលជាកូនម្ចាស់ផ្ទះឈ្មោះ រុន រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស។
សមត្ថកិច្ចខេត្តកណ្តាលបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះផឹកស្រាស្រវឹង បានមកស្រែកជេរ ម្តាយជនល្មើសនៅមុខផ្ទះ រួចក៏ដើរចូលទៅក្នុងផ្ទះដាល់ ម្តាយជនល្មើសមួយដៃចំដើមទ្រូង ពេលនោះម្តាយ ជនល្មើសបានស្រែកឲ្យកូន (ជនល្មើស) ជួយ ឮដូចនេះជនល្មើស បានចូលទៅជួយម្តាយតែ ត្រូវជនរងគ្រោះស្ទុះមកវាយ តែវាយមិនត្រូវ។ ឃើញដូចនេះជនល្មើស បានយកចបកាប់ ដែលនៅមាត់ទ្វារផ្ទះមកគ្រវី ដើម្បីគំរាមកុំឲ្យជនរងគ្រោះចូលមកទៀត តែជនរងគ្រោះនៅតែស្ទុះចូល មកទៀតបណ្តាលឲ្យត្រូវនឹងចបកាប់ចំសៀតផ្កាខាងស្តាំ រងរបួសបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យរុស្សី។
ចំណែកជនល្មើសត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនមកសួរនាំ និងបញ្ជូនមកអធិការដ្ឋានបន្តចាត់ការតាមនិតិវិធី៕