(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃឈ្មោះថា «NEC KH» ចាប់ពីបេលនេះតទៅ ដើម្បីអាចស្វែងរកឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោត ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់នេះ។

គ.ជ.ប បានបញ្ជាកក់ថា កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតដែលជំនួសឱ្យកម្មវិធីចាស់ «Voterlist KH» និងចូលមើលអត្ថបទកម្រងឯកសារ រូបភាព វីដេអូផ្សេងៗដែល គ.ជ.ប ផលិតឡើងដើម្បីផ្សព្វផ្សាយ និងអប់រំបណ្តុះបណ្តាលអ្នកបោះឆ្នោត។

បន្ថែមពីនេះទៀត ដើម្បីទាញយកកម្មវិធីនេះ សាធារណជនអាចចូលទៅកាន់ Google Play សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ឬ App Store សម្រាប់ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ iOS ហើយវាយដោយស្វែងរកពាក្យ «NEC KH» រួចធ្វើការដំឡើងជាការស្រេច។

ក្នុងជំហានជាបន្តបន្ទាប់ទៀត ដើម្បីឱ្យកម្មវិធីទូរស័ព្ទដៃ «NEC KH» នេះ កាន់តែមានភាពពេញលេញ និងបំពេញបាននូវតម្រូវការរបស់ប្រជាពលរដ្ឋ គ.ជ.ប នឹងបន្តអភិវឌ្ឍន៍កម្មវិធីឱ្យរឹតតែប្រសើរឡើង។ បន្ទាប់ពីអភិវឌ្ឍន៍កម្មវិធីនេះរួចរាល់ គ.ជ.ប នឹងដាក់បញ្ចូលកម្មវិធីផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីស្វែងរកបញ្ជីទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតបន្ថែមទៀត។

សូមជម្រាបថា ការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ «NEC KH» នេះ គឺធ្វើឡើងស្របពេល ដែលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បាននឹងកំពុងប្រព្រឹត្តទៅនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១៕