(កោះកុង)៖ អាជ្ញាធរស្រុកបូទុមសាគរ ខេត្តកោះកុង ដឹកនាំដោយលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ នាថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២១ បានចុះបំពាក់ប្រព័ន្ធភ្លើងអំពូលសូឡាជិត ២០០ដើមបន្ថែមទៀត នៅតាមដងផ្លូវសាធារណៈ និងតាមដងវិធី «សាយភូថង» ដើម្បីបំភ្លឺផ្លូវសាធារណៈ និងបំភ្លឺលំនៅដ្ឋានប្រជាពលរដ្ឋផង។

លោក ហាក់ ឡេង បានឱ្យដឹងថា ដើម្បីឲ្យហេដ្ឋារចនាសម្ព័ន្ធសោភ័ណភាព សុវត្ថិភាពប្រជាពលរដ្ឋភ្ញៀវជាតិ អន្តរជាតិ ក្នុងការធ្វើចរាចរណ៍ទៅមក និងក្នុងការអភិវឌ្ឍរយៈពេល៣ឆ្នាំរំកិល លោកបានរៀបចំបំពាក់អំពូលភ្លើងសូឡាជិត ៦០០អំពូល ក្នុងចំណោមឃុំចំនួន២គឺ ឃុំកណ្តោល និងឃុំអណ្តូងទឹក។

លោក ហាក់ ឡេង បានបន្តថា «ការរៀបចំបំពាក់ភ្លើងអំពូលសូឡា គឺអាជ្ញាធរស្រុកសហការណ៍ជាមួយអាជ្ញាធរភូមិ-ឃុំគ្រប់ឃុំ ក្នុងស្រុកទាំងអស់ដើម្បីកែលម្អរសោភ័ណភាពសក្តានុពលក្នុងឃុំនីមួយៗ ឱ្យមានសោភ័ណ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងលើកស្ទួយវិស័យសេដ្ឋកិច្ចក្នុងគ្រួសារឱ្យមានភាពរីកចម្រើនក្នុងការប្រកបអាជីវកម្មលក់ដូរផងដែរ ហើយទន្ទឹមនេះ អាជ្ញាធរស្រុកបានបំពាក់អំពូលភ្លើងសូឡាតាមដងផ្លូវជាតិលេខ៤៨ រហូតដល់ព្រំប្រទល់ស្រុកស្រែអំបិល រហូតដល់ព្រំប្រទល់ស្រុកគីរីសាគរ ហើយលោកត្រៀមបំពាក់អំពូលសូឡាជាច្រើន នៅតាមលំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាលបន្តទៀត ដើម្បីមានភ្លើងបំភ្លឺបានស្រួលក្នុងការធ្វើចរាចរណ៍ ចេញចូលរបស់ប្រជាពលរដ្ឋ»

លោកបានបញ្ជាក់បន្ថែមថា អំពូលភ្លើងសូឡាទាំងនេះ គឺលោកបានមកពីសប្បុរសជនដែលបានជួយឧបត្ថម្ភ ដើម្បីជួយសម្រួលក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ និងការធ្វើដំណើររបស់ភ្ញៀវទេសចរឱ្យសុវត្ថិភាពផងដែរ។

លោកតា ស្រៀន ម៉េងឡៃ អាយុ៦៣ឆ្នាំ បានលើឡើងថា ប្រជាពលរដ្ឋរស់នៅភូមិតាំកន់ ឃុំកណ្តោល មានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលពួកបានអាជ្ញាធរស្រុកបូទុមសាគរ យកចិត្តទុកដាក់ក្នុងជីវភាពរស់នៅ ដែលជាតំបន់ដាច់ស្រយាលស្ថិតក្នុងភាពងងឹតភ័យខ្លាច ចំពោះសុវត្ថិភាពទាំងការធ្វើចរាចពេលយប់ តែអីឡូវនៅតាមមុខផ្ទះនីមួយៗ មានភ្លើងបំភ្លឺពេញមុខផ្ទះហើយការប្រកបអាជីវកម្មលក់ របស់ពួកគាត់លក់ដូរដាច់ជាងមុន នៅពេលយប់ហើយការសម្រាក់ពីការងារសំរានលក់ស្រួលមិនបារម្មណ៍ចំពោះក្មេងទំនើង ឬចោរទៀតឡើយ ហើយជាពិសេសអាជ្ញាធរបានជួយដល់ប្រជាពលរដ្ឋ ដែលជួបផលលំបាកនៅកម្លាំងពលកម្មច្រូតកាត់ អាជ្ញាធរចុះជួយរហូត់ទាំងកម្លាំងកាយចិត្ត ដើម្បីប្រជាពលរដ្ឋនិងការអភិវឌ្ឍន៍ភូមិឃុំ ស្រុក និងសុវត្ថិភាពប្រជាពលរដ្ឋ៕