(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបើកប្រតិបត្តិការជួយសង្គ្រោះមនុស្ស២នាក់ប្ដីប្រពន្ធ បន្ទាប់ពីមានការសង្ស័យថា ជាករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ប៉ុន្ដែធាតុពិតម្ចាស់ផ្ទះជួលចាក់សោទ្វារ ពីខាងក្រៅ ដោយសារតែម្ចាស់ក្រុមហ៊ុនជួលផ្ទះនេះ មិនថ្លៃឲ្យម្ចាស់ផ្ទះ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាថ្ងៃត្រង់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅចំណុចក្រុមហ៊ុន ជេស៉ី អ៊ែរឡាញ តាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បាន់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញមនុស្សប្រុសស្រី២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រឹមសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ និងមានឧបករណ៍បោកសម្អាត បានឈប់ម៉ូតូ ហើយដើរចូលទៅក្នុងក្រុមហ៊ុន ជេស៉ី អ៊ែរឡាញ ដើម្បីធ្វើការបោសជូតសម្អាតនៅបរិវេណក្នុងក្រុមហ៊ុន ខណៈពេលនោះស្រាប់តែមានស្ត្រីម្នាក់ បាននកាន់សោច្រវាក់ចំនួន២ មកចាក់សោទ្វារនៅពីមុខក្រុមហ៊ុន។

ក្រោយមកស្រាប់តែមនុស្សប្រុសស្រី២នាក់ បានចុះមកខាងក្រោមវិញ ដោយពួកគាត់បានបោសជូតសម្អាតរួចរាល់។ ភ្លាមៗនោះ ក៏ឃើញសោទ្វារបានចាក់ពីខាងក្រៅ ក៏បានរាយការណ៍ទៅកាន់កម្លាំងសមត្ថកិច្ចជំនាញប៉ុស្តិ៍-ខណ្ឌ ចុះមកដល់ទីតាំងក្រុមហ៊ុន។

ក្រោយពីទទួលបានព័ត៌មានថា មានការចាក់សោទ្វារបង្ខាំងមនុស្ស កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងបានសាកសួរព័ត៌មានពីមនុស្សប្រុសស្រី២នាក់នេះ រួចមកកម្លាំងសមត្ថកិច្ចបានទាក់ទងទៅម្ចាស់ក្រុមហ៊ុន ជេស៉ី អ៊ែរឡាញ ដើម្បីសាកសួរបន្ត។

កម្លាំងសមត្ថកិច្ចបានទាក់ទងទៅម្ចាស់ផ្ទះជួល ហើយម្ចាស់ផ្ទះជួលបានប្រាប់ឲ្យដឹងថា ដោយសារតែម្ចាស់ក្រុមហ៊ុន ជេស៉ី អ៊ែរឡាញ មិនបានបង់ថ្លៃជួលផ្ទះមកឲ្យគាត់រយៈពេលយូរខែមកម្ល៉េះ ទើបថ្ងៃនេះគាត់បានមកដល់ទីតាំង ក្រុមហ៊ុននេះដោយផ្ទាល់ ស្រាប់តែមិនឃើញមានសម្ភារធ្វើការរបស់ក្រុមហ៊ុននៅខាងក្រោមនោះទេ។

ភ្លាមៗគាត់បានទៅទិញសោច្រវាក់មកចាក់ទ្វារ តែមិនបានដឹងថា មានមនុស្សប្រុសស្រី២នាក់ កំពុងតែបោសជូតសម្អាតនៅទីតាំងក្រុមហ៊ុនខាងលើឡើយ។ ពេលនោះ សមត្ថកិច្ចបានឲ្យម្ចាស់ផ្ទះជួលយកសោមកបើកទ្វារ ឲ្យមនុស្សប្រុសស្រីទាំង២នាក់ ចេញមកក្រៅវិញ។ សមត្ថកិច្ចបានហៅមនុស្ស២នាក់ប្តីប្រពន្ធ និងតំណាងម្ចាស់ផ្ទះជួលទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ ដើម្បីសាកសួរបន្ថែមទៀត។

បើតាមសមត្ថកិច្ច ម្ចាស់ផ្ទះឈ្មោះ សុខ ហួត អាយុ៥៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ៣២៨ ភូមិ៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភំ្នពេញ។ ដោយឡែកបុគ្គលិកអនាម័យចំនួន០២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ នួន មុំ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរអនាម័យ ស្នាក់នៅផ្ទះជួលបន្ទប់លេខ២៨ ផ្លូវលេខជាតិ៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភំ្នពេញ។
*ទី២៖ ឈ្មោះ លឹម សុធា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរអនាម័យ ស្នាក់នៅផ្ទះជួលបន្ទប់លេខ២៨ ផ្លូវលេខជាតិ៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភំ្នពេញ៕