(ក្រចេះ)៖ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ លន់ សុផាត បានបញ្ជាក់ថា ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង នៅថ្ងៃមិញនោះ ក្រោយការសួរនាំរួចមក ទំហំនៃការខូចខាតអស់ទឹកប្រាក់ជាង២០ម៉ឺនដុល្លារ និងរបួសធ្ងន់ម្នាក់។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ទៀតថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ លោកបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ហើយប្រើទឹកអស់ជិត២០រថយន្ត។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា នៅវេលាម៉ោង៤រសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះអគ្គិភ័យមួយ កើតឡើងនៅភូមិ សំបុក ឃុំសំបុក ស្រុក ចិត្របុរី បណ្តាលអោយឆះផ្ទះអស់ចំនួន៦ខ្នង។

ម្ចាស់ផ្ទះរងគ្រោះទាំង៦គ្រួសាររួមមាន

ទី១-ឈ្មោះ ផាន់ ឈឿន ភេទ ប្រុស អាយុ៤៩ ឆ្នាំ ផ្ទះទំហំ 7.5x18 សង់អំពីឈើប្រកក្បឿង សម្ភារខូចខាត ប្រហែលចំនួន 60000$
ទី២-ឈ្មោះ អ៊ុន ផានិត ភេទប្រុស អាយុ45 ឆ្នាំ ផ្ទះទំហំ7.5x15 ឈើប្រកក្បឿង សម្ភារខូចខាតប្រហែល ចំនួន60000$ ដែលបណ្តាលឲ្យឈ្មោះ អ៊ុន ផារ៉ូត ភេទប្រុស អាយុ១៧ ឆ្នាំ រងរបួសធ្ងន់
ទី៣-ឈ្មោះ ថន ថាត ភេទប្រុស អាយុ៥៣ឆ្នាំ ផ្ទះទំហំ 7.5x18 សង់អំពីឈើប្រកក្បឿង សម្ភារខូចខាតប្រហែលចំនួន55000$
ទី៤-ឈ្មោះ ហេង ប៊ុនឡាង ភេទប្រុស អាយុ 38 ឆ្នាំ ផ្ទះទំហំ6x12 សង់អំពីឈើប្រក ដែកសម្ភារខូចខាតប្រហែលចំនួន 20000$
ទី៥-ឈ្មោះ ប៉ែន លេន ភេទប្រុស អាយុ៤១ ឆ្នាំ ផ្ទះទំហំ 5x6 សង់អំពីឈើប្រកដែក សម្ភារខូចខាត ប្រហែលចំនួន 10000$ និង
ទី៦-ឈ្មោះ សំ ចិត្រា ភេទប្រុស អាយុ 22ឆ្នាំ ផ្ទះទំហំ4x4 សង់អំពីឈើប្រកដែក សម្ភារ ខូចខាត ប្រហែលចំនួន6000$។

សម្រាប់មូលហេតុវិញ គឺបណ្តាលមកពី ឆេះធុងហ្គាស ផ្តើមចេញពីផ្ទះ ឈ្មោះ អ៊ុន ផានិត ។

លោកឧត្តមសេនីយ៌ស្នងការ បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ កម្លាំង នគរបាលរបស់លោក បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿងធំ ប្រើប្រាស់ទឹកជិត២០រថយន្ត ដើម្បីបាញ់ពន្លត់ទប់ស្កាត់ ការឆាបឆេះរាលដាល ដល់ផ្ទះនៅក្បែរនោះបន្ថែមទៀត៕