(ស្ទឹងត្រែង)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដឹកនាំដោយលោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំសិក្ខាសាលាមួយ ស្ដីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» នៅខេត្តស្ទឹងត្រែង ដែលមានរយៈពេល២ថ្ងៃ។

ថ្លែងក្នុងឱកាសនោះ លោក ផៃ ស៉ីផាន បានបញ្ជាក់ថា ព័ត៌មានជាសារជាតិពិសេសមួយ ក្នុងកិច្ចចួលរួមថែរក្សាសន្ដិភាព និងស្ថិរភាពនយោបាយរបស់សង្គមជាតិ។ នៅក្នុងបរិបទនេះ ព័ត៌មានត្រូវស្ថិតក្នុងវិន័យ និងចរាចរណ៍ចេញពីប្រភពផ្លូវការ ទៅដល់សាធារណជន ដើម្បីការយល់ដឹង និងការចូលរួម ក្នុងកិច្ចកសាងនីតិរដ្ឋ និងការទទួលខុសត្រូវ ស្របតាមគោលនយោបាយអភិបាលកិច្ចល្អ នៃយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ នេះរាជរដ្ឋាភិបាល។

លោក ផៃ ស៉ីផាន បន្ថែមទៀតថា សិក្ខាសាលា ស្ដីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន» ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃនេះ មានគោលបំណងស្នូល ក្នុងការចែករំលែកនូវទស្សនទាន យន្ដការ និងយុទ្ធសាស្រ្ដ ជាមូលដ្ឋានគ្រឹះនៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឲ្យបាននូវអភិបាលលកិច្ចល្អលើវិស័យព័ត៌មាន ថ្នាក់ក្រោមជាតិ ដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានចូលកៀកប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់នៅតាមមូលដ្ឋាន។

សកម្មភាពនេះ គឺជាការចូលរួមអនុវត្តជាក់ស្តែង នូវស្មារតី និងខ្លឹមសារនៃប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាន ស្តីពី «តួនាទី ភារកិច្ចរបស់មន្រ្តី ទទួលបន្ទុកព័ត៌មានរដ្ឋបាល រាជធានី-ខេត្ត» ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២។ នេះជាកញ្ចក់ឆ្លុះបញ្ចាំងនូវការអនុវត្តនយោបាយកែទម្រង់មុតស្រួច ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋាន តាមស្មារតីនៃគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ ដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋានផ្ទាល់ ក្នុងការផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាពនៃការដឹកនាំរដ្ឋបាលមូលដ្ឋាន ដោយការបង្ហាញចេញនូវដំណោះស្រាយនៃបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ទាំងដោយផ្ទាល់ (វេទិកាសាធារណៈ) និងដោយប្រយោល (រលកអាកាស) ដែលមានមន្ទីរជំនាញចូលរួមសហការយ៉ាងជិតស្និទ ក្នុងកិច្ចក្ដោបក្ដាប់ និងគ្រប់គ្រងមតិសាធារណៈ ឆ្ពោះទៅរកប្រសិទ្ធភាព ឯកភាព និងសាមគ្គីភាពរវាងរាស្រ្ត និងរដ្ឋ ចាប់ផ្តើមពីមូលដ្ឋានមកកាន់ថ្នាក់ជាតិ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលារយៈពេល២ថ្ងៃនេះ នឹងទទួលបានជោគជ័យ និងផ្លែផ្កាដ៏ត្រចះត្រចង់ ដើម្បីចូលរួមសម្រេចឲ្យបាននូវបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងកិច្ចថែរក្សា ការពារសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលជាឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោក ស្វាយ សំអ៊ាង ក៏បានថ្លែងអំណរគុណចំពោះប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាល កសាងសមត្ថភាពដល់មន្ដ្រីព័ត៌មាន និងអ្នកនាំពាក្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិជាបន្ដបន្ទាប់ ក្នុងរយៈពេលកន្លងមក ធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទទួលបាននូវធនធានដ៏សំខាន់លើវិស័យការងារជំនាញជាមន្ដ្រីព័ត៌មាន និងអ្នកនាំពាក្យរបស់ស្ថាប័នអង្គភាពសាធារណៈក្នុងកម្រិតសមស្របមួយ៕