(ភ្នំពេញ)៖ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចឃុំចេញដីកាបង្គាប់ឱ្យឃុំខ្លួនមន្ដ្រីយោធាបន្ថែមចំនួន៣នាក់ទៀត សរុបទាំងអស់ចំនួន៧នាក់ហើយ ពាក់ព័ន្ធបទល្មើសរក្សាទុក និងជួញដូរអាវុធដោយច្បាប់ ដែលបង្ក្រាបបាននៅស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង នាពេលកន្លងទៅ។

លោក ហម ម៉េងសែ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា ជនសង្ស័យទាំងអស់មានសរុបចំនួន៧នាក់ ដែលមានការពាក់ព័ន្ធ ក្នុងនោះបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ ដំបូងចំនួន៣នាក់ ហើយមកក្រោយចំនួន៤នាក់ ប៉ុន្ដែបន្ទាប់ពីបញ្ចប់ការសួរនាំ បានសម្រេចឃុំខ្លួនចំនួន៤នាក់ កាលពីម្សិលមិញ ហើយ៣នាក់ទៀត ត្រូវបានសម្រេចឃុំខ្លួននៅព្រឹកនេះ។

ជនសង្ស័យទាំង៣នាក់ រួមមានឈ្មោះ៖

ទី១៖ ឈ្មោះ គង់ ណោរ៉ាន់ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ
ទី២៖ ឈ្មោះ យូ សំណាង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ
និងទី៣៖ ព្រុំ សុភ័ក្រ្ត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ

នៅក្នុងសំណុំរឿងក្តីនេះលោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ករណីខាងលើនេះ តំណាងអយ្យការបានបើកការស៊ើបសួរ ទៅចៅក្រមស៊ើបសួរពីបទ ជួញដូរនាំចេញ និងសន្និធិអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច តាមមាត្រា៤៨៨ និងមាត្រា២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ»។

មន្រ្តីយោធាទាំងអស់៧នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលជាតិ ចាប់ខ្លួននៅយប់ថ្ងៃទី១៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធការជួញដូរអាវុធ ដែលសមត្ថកិច្ចរកឃើញលាក់ទុកចំនួន ៣៣ដើម នៅក្នុងចំការមៀន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

មន្ត្រីយោធាទាំង៧នាក់ ដែលបានចាប់ខ្លួនរួមមាន៖

*ទី១៖ ឈ្មោះ អូន ពិសិដ្ឋ ពាក់ផ្កាយ១ បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ
*ទី២៖ មន្ត្រីយោធាជាអតីតអនុប្រធានផ្នែកសឹករង
*ទី៣៖ ជាមន្ត្រីយោធាធម្មតា
*ទី៤៖ ឈ្មោះ គង់ ណោរ៉ាន់ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ
*ទី៥៖ ឈ្មោះ យូ សំណាង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ
ទី៦៖ ឈ្មោះ ព្រុំ សុភ័ក្រ្ត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ
និងម្នាក់ទៀតមិនត្រូវបានគេស្គាល់ឈ្មោះ។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធការចាប់ឃាត់ខ្លួននេះធ្វើឡើងដោយសហការ រវាងកម្លាំងអាវុធហត្ថ ជាមួយកម្លាំងនគរបាល។

កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចរកឃើញអាវុធចំនួន៣៣ដើម ក្នុងចំការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ អាវុធចំនួន៣៣ដើម ដែលសមត្ថកិច្ចរកឃើញនោះជាប្រភេទ AK ស្វាយឈើចំនួន៣០ដើម បង់ចំនួន៤០បង់ និងអាវុធ M79 ចំនួន០៣ដើម៕