(ភ្នំពេញ)៖ ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានកត់សម្គាល់នូវបញ្ហាប្រឈមមួយចំនួន ដែលនាំឱ្យប៉ះពាល់ដល់ការចម្រើនលូតលាស់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។

ដើម្បីជំរុញការស្តារឡើងវិញនូវសង្គម និងសេដ្ឋកិច្ចរវាងតំបន់ទាំងពីរ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យយកចិត្តទុកដាក់ទៅការងារចំនួន៤ រួមមាន៖ ការពង្រឹងសមាគ្គីភាព ដោយប្រកាន់យកយន្តការពហុភាគីនិយម, បង្កើនការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម, រួមគ្នាទាញយកប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤, ជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងជំរុញការអភិវឌ្ឍបៃតង។

ក្នុងវេទិកាដែលធ្វើឡើងដើម្បីជំរុញដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងតំបន់អាស៊ី និងអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប បានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រជាជន និងសេដ្ឋកិច្ច ដើម្បីការអភិវឌ្ឍរួម។ ជាមួយគ្នាកិច្ចសហប្រតិបត្តិការនេះ នៅមានសក្ដានុពលជាច្រើនទៀត ដែលត្រូវចាប់យក ដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ទំហំសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប មានចំណែកប្រមាណ ៦៥ភាគរយនៃសេដ្ឋកិច្ចសកល ខណៈទំហំពាណិជ្ជកម្ម មានប្រមាណជា ៥៥ភាគរយនៃពាណិជ្ជកម្មសកល។

ទន្ទឹមនឹងការមើលឃើញពីភាពប្រសើរនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងតំបន់អាស៊ី និងអឺរ៉ុបយ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន ក៏បានមើលឃើញផងដែរពីបញ្ហាប្រឈមនៃការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងតំបន់ទាំងពីរនេះ។ បើតាមសម្តេចតេជោ ហ៊ុន សែន បញ្ហាប្រឈមទាំងនោះមានដូចជា ការធ្លាក់ចុះនៃច្រវាក់តម្លៃសកល និងច្រវាក់ផលិតកម្មសកល, ការលេចឡើងកាន់តែច្បាស់ នូវប្រព័ន្ធពហុប៉ូល និងភាពតានតឹងភូមិសាស្ត្រនយោបាយ, ការធ្លាក់ចុះផលិតភាពសកល, ការកើនឡើងនៃវិសមភាពសង្គម និងភាពក្រីក្រ, ចរន្តកាន់តែខ្លាំង និងលឿន នៃការផ្លាស់ ទីតាំងរោងចក្រផលិតកម្ម ដែលបង្កឡើងដោយសារឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងការកើនឡើងនៃផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាដើម។

ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ ឈានទៅស្តារឡើងវិញនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់អាស៊ី និងអឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យវេទិកាយកចិត្តទុកដាក់ទៅលើការងារសំខាន់ៗចំនួន៥រួមមាន៖

ទី១៖ ពង្រឹងសមាគ្គីភាព ដោយប្រកាន់យកយន្តការពហុភាគីនិយម៖ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ក្នុងក្របខណ្ឌពហុភាគី ប្រទេសមួយចំនួននៅមានទស្សនៈខ្វែងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តំបន់ និងសកល។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលចថា មានភាពចាំបាច់ត្រូវពង្រឹងសាមគ្គីភាព និងតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ដោយប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហា ក្នុងគ្រប់វិស័យ និងពន្លឿនការតភ្ជាប់រវាងសង្គម-សេដ្ឋកិច្ច ដើម្បីជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់តំបន់ទាំងពីរប្រកបដោយចីរភាព និងបរិយាបន្ន ។

ទី២៖ បង្កើនការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពាណិជ្ជកម្មអន្តរជាតិ គឺជាក្បាលម៉ាស៊ីនមួយសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជន។

សម្តេចតេជោ បានមើលឃើញថា ជាមួយនឹងនិន្នាការនៃផ្លាស់ប្តូរនៅក្នុងពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកល តំបន់អាស៊ី-អឺរ៉ុប ត្រូវតែបង្កើនការយកចិត្តទុកដាក់លើការគាំទ្រប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ជាពិសេស ការជំរុញការធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការលុបបំបាត់របាំងសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីទាញយកសក្តានុពល ជាអតិបរមាពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអាស៊ី-អឺរ៉ុប។

ទី៣៖ រួមគ្នាទាញយកប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤៖ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤ ការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មី នឹងជំរុញកាន់តែខ្លាំងដល់ការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ការរស់នៅ ការអភិវឌ្ឍឧស្សាហកម្ម និងការធ្វើឧស្សាហូបនីយកម្មសេដ្ឋកិច្ច។

សម្តេចតេជោ បានទាមទារឱ្យមានការរួមគ្នាទាញយកប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ នេះ ឱ្យបានជាអតិបរមា ជាពិសេសសម្រាប់ប្រទេស ដែលមានកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចតិចតួច ដោយត្រូវផ្តល់អាទិភាពដល់ការកសាងរដ្ឋាភិបាល និងសេដ្ឋកិច្ចឌីជីថល ដើម្បីបង្កើតជាចន្ទល់កំណើនសេដ្ឋកិច្ចមួយថ្មី ដែលរឹងមាំ។

ទី៤៖ ជំរុញការអភិវឌ្ឍសហគ្រាសធុនតូច៖ សម្តេចតេជោ បានលើកឡើងថា ការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក៏ជាកិច្ចការអាទិភាពដ៏សំខាន់មួយផងដែរ។ ប្រការនេះ ទាមទារនូវការលើកកម្ពស់កិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីទាក់ទាញការវិនិយោគ អភិវឌ្ឍធនធានមនុស្ស និងជំរុញឱ្យមានការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ស្របតាមគន្លងប្រក្រតីថ្មី ដោយផ្តោតជាសំខាន់លើការជំរុញដល់ការចាប់យកសក្តានុពល ពីបដិវត្តន៍ឧស្សាហកម្មទី៤ ការលើកកម្ពស់ បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកជាដើម តាមរយៈការលើកកម្ពស់ការទទួលបានការគាំទ្រ ទាំងផ្នែកគោលនយោបាយ និងហិរញ្ញប្បទាន។

ទី៥៖ ការជំរុញការអភិវឌ្ឍបៃតង៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការអភិវឌ្ឍបៃតង ក៏ជាមូលដ្ឋានគ្រឹះនៃការទ្រទ្រង់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចសម្រាប់រយៈពេលវែង ដែលនឹងជួយលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពធន់ទៅនឹងអាកាសធាតុ។

សម្តេចតេជោ បានជំរុញឱ្យពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខណ្ឌតំបន់ និងសកល ដើម្បីជំរុញការអភិវឌ្ឍបៃតងនេះ ជាពិសេស ការជំរុញវិស័យឯកជនឱ្យបង្កើនការវិនិយោគបៃតង ពង្រឹងប្រសិទ្ធភាពនៃការវិនិយោគ ក្នុងគ្រប់វិស័យពាក់ព័ន្ធ និងលើកទឹកចិត្តក្នុងការអភិវឌ្ឍឧស្សាហកម្មបៃតង និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សភាពាណិជ្ជកម្មកម្ពុជា (CCC) មូលនិធិអាស៊ី-អឺរ៉ុប (ASEF) ស្ថាប័នស្រាវជ្រាវ Bruegel និងដៃគូពាក់ព័ន្ធ បានរៀបចំឡើងនូវវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1)។ វេទិកានេះ ធ្វើឡើងក្រោមមូលបទ «ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០»។

វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឹរ៉ុប លើកទី១៣ (ASEM13)។ វេទិកានេះ នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិនិយោគិន ធុរជន បញ្ញាវន្ត និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប។

វេទិកានេះនឹងមានការធ្វើបទបង្ហាញចំនួន៣ និងកិច្ចពិភាក្សាចំនួន៣ ពីបណ្តាវាគ្មិនជាតិ និងអន្តរជាតិមកពីអាស៊ី និងអឺរ៉ុប ចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង និងឧត្តមានុវត្តន៍ លើប្រធានបទមួយចំនួនរួមមាន៖ ពហុភាគីនិយម, ខ្សែច្រវ៉ាក់តម្លៃសកល, បដិវត្តឧស្សាហកម្ម៤.០ និងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ការរួមគ្នាដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ប្រជាជាតិ៕