(ភ្នំពេញ)៖ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» ឬ «ស្ពានភ្ជាប់និស្ស័យ» ប្រសិទ្ធនាមដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ បើទោះបីស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងទឹកដីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានដាក់ឱ្យប្រើប្រាស់យ៉ាងណាក្តី តែស្លាកស្នាមអនុស្សាវរីយ៍ ដ៏លំបាកពីអតីតកាលនៅតែដិតដាមមិនអាចបំភ្លេចបានឡើយ សម្រាប់ប្រជាពលរដ្ឋនៅលើទឹកដីជាប់ដងទន្លេមេគង្គនេះ។

លោកយាយ ឯម ណន ដែលជាអ្នកកើតជា និងធំធាត់ដឹងក្តី ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ បានរំលឹកថា ប្រជាពលរដ្ឋនៅតាមដងទន្លេនេះ មានការលំបាកណាស់កាលពីអតីតកាលសម្រាប់ការប្រាស្រ័យទាក់ទងគ្នា ការដឹកជញ្ជូនកសិផល និងការស្វែងរកសេវាព្យាបាលជំងឺក្តី ព្រោះត្រូវធ្វើតាមទូកដរ តាមកាណូត លុះក្រោយមកតាមសាឡាង។

លោកយាយ ឯម ណន ក៏បានលើកឡើងផងដែរថា ព្រោះតែភាពយឺតយ៉ាវសម្រាប់ការឆ្លងទន្លេនេះ ពេលខ្លះក៏មានអ្នកជំងឺ ឬស្ត្រីត្រូវសម្រាលកូនទៅពេទ្យមិនទាន់ផងដែរ។

លោក កង សេងអ៉ី អាយុ ៧១ឆ្នាំ ជាពលរដ្ឋម្នាក់ទៀតរស់នៅក្នុងស្រុកស្ទឹងត្រង់។ លោក សេងអ៉ី ក៏បាននៅចាំរាល់ការលំបាកទាំងឡាយ ដែលរូបលោក ក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិបានជួបប្រទះកាលពីអតីតកាល ពេលមិនទាន់មានស្ពានផងដែរ។

លោក សេងអ៉ី បានរំលឹកយ៉ាងដូច្នេះ «ពលរដ្ឋយើងត្រូវការឆ្លងពីស្ទឹងត្រង់ទៅក្រូចឆ្មារ ឬពីក្រូចឆ្មារ ទៅស្ទឹងត្រង់ មានការលំបាក ក្នុងការធ្វើដំណើរឆ្លងកាត់ទន្លេ»

ការលំបាកទាំងឡាយពីអតីតកាលនេះ បានរសាត់បាត់ឆ្ងាយ ហើយនៅសល់តែស្លាកស្នាមអនុស្សាវរីយ៍ប៉ុណ្ណោះ សម្រាប់ពលរដ្ឋស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ ក្រោយស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានដាក់ឱ្យធ្វើដំណើរឆ្លងកាត់តាំងពីពេលចូលឆ្នាំខ្មែរ។ មិនត្រឹមតែត្រេកអរនឹងការបានធ្វើដំណើរប៉ុណ្ណោះទេ ជារៀងរាល់ល្ងាចប្រជាពលរដ្ឋនៅតំបន់នេះ តែងបានឡើងមកលេងកម្សាន្តលើស្ពាន គយគន់លើផ្ទៃទឹកហាក់នឹកស្រណោះដល់ការលំបាកទាំងឡាយពីអតីតកាល។

ទាំងលោកយាយ ឯម ណន និងលោក សេងអ៉ី សុទ្ធតែបានរីករាយសាទរចំពោះសមិទ្ធផលស្ពានថ្មីលើដែនដីដ៏កម្សត់ពីអតីតកាលមួយនេះ។ ពួកគាត់បានមើលឃើញថា ស្ពាន បានបម្រើប្រយោជន៍យ៉ាងចាំបាច់សម្រាប់ពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ដោយលែងផិតភ័យ និងបារម្ភដូចមុនទៀតនោះឡើយ។

ចាស់ព្រឹទ្ធាចារ្យក្នុងភូមិទាំងពីររូប ក៏បានមើលឃើញដែរថា វត្តមានស្ពានមួយខ្សែដែលជាចំណងដៃនៃមិត្តភាពកម្ពុជា-ចិន នឹងរួមចំណែកជួយជំរុញឱ្យសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតំបន់នេះកាន់តែប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

«ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» បានចាប់ផ្តើមសាងសង់ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។ ស្ពាននេះ ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

តួស្ពានមានប្រវែង ១,១៣១ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២គន្លង ផ្លូវម៉ូតូចំនួន ២គន្លង ផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ទៅមក។ ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ៧១C មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងសរុប ៩,៤៥៤ម៉ែត្រ។

ស្ពាន និងផ្លូវតភ្ជាប់នេះ ត្រូវបានចំណាយពេលសាងសង់ ៤២ខែ ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ចំណាយថវិកាជិត ៥៧លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» គឺជាគម្រោងយុទ្ធសាស្រ្តប្រទាក់ក្រឡាគ្នាយ៉ាងសំខាន់ សម្រាប់តភ្ជាប់ទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម និងការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ និងខេត្តជាប់ពាក់ព័ន្ធ ដូចជា ខេត្តកំពង់ធំ និងខេត្តក្រចេះ ព្រមទាំងសម្រួលដល់ដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា។

បន្ថែមពីលើនេះ គម្រោងនេះ ក៏បានបង្ហាញនូវការតភ្ជាប់ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ដែលរស់នៅកុះករក្នុងតំបន់នេះ។ ពិសេសភាពសុខដុមនីយកម្មខាងជំនឿសាសនារវាងអ្នកកាន់សាសនាព្រះពុទ្ធ និងសហគមន៍សាសនិកឥស្លាមកម្ពុជា ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត តាមរយៈការប្រាស្រ័យនិងទំនាក់ទំនងពាណិជ្ជកម្មរួមគ្នា។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន របស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេសន៍ និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំយកសុខសន្តិភាពមកជូនជាតិមាតុភូមិកម្ពុជា៕