អគ្គិភ័យបានរលត់វិញហើយ, ឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន៦ខ្នង មូលហេតុផ្ទុះកំប៉ុងហ្គាស (Video Inside)
13-04-2016 17:30
(ក្រចេះ)៖ មេប៉ុស្តិ៍ឃុំសំបុកបានថ្លែងឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង៥ល្ងាចថ្ងៃទី១៣ ខែមេសានេះ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ និងជាច្រើនខ្នង ស្ថិតនៅក្បែររមនីយដ្ឋានភ្នំសំបុក ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ នៅតាមបណ្តោយផ្លូវទៅកាន់រមនីយដ្ឋានព្រែកកាំពី ត្រូវបានអន្តរាគមន៍ឲ្យរលត់វិញហើយ។
លោក អ៊ុន ហយ មេប៉ុស្តិ៍ឃុំសំបុក បានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង ត្រូវបានឆេះអស់ ក្នុងនោះមានផ្ទះ៣ខ្នងធំ និង៣ខ្នងតូច, មូលហេតុបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស នៅផ្ទះលក់ចាប់ហួយ។
សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ លន់ សុផាត បានបញ្ជូនរថយន្តពន្លត់អគ្គភ័យចំនួន២គ្រឿង ទៅជួយបាញ់ពន្លត់ តែដោយសារផ្ទះឈើ និងភ្លើងឆេះខ្លាំងពេក ទើបបណ្តាលឲ្យមានខូចខាតមួយចំនួន៕