(ភ្នំពេញ)៖ លោក សុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ និងសហការី នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋចាស់ជរា ទីទាល់ក្រចំនួន១៥០គ្រួសារ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។

ក្នុងឱកាសនោះលោក សុខ សម្បត្តិ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលជានិច្ចកាលសម្តេច តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ។

លោក សុខ សម្បត្តិ ក៏បានជំរុញឱ្យប្រជាពលរដ្ឋ ត្រូវប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង និងចូលរួមអនុវត្តនូវវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ៣កុំ ៣ការពារ ដើម្បីការពារខ្លួនឯង និងអ្នកនៅជុំវិញ ខ្លួនកុំឱ្យកើតមានជំងឺកូវីដ១៩ផងដែរ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ និងថវិកាចំនួន ២០,០០០រៀល៕