(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការជម្រុញការងារប្រមូលព័ត៌មានសម្រាប់ការបង្ហោះចូលគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA website) ក្រោមអធិបតីលោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ និងលោក យឹម ផែន អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

កិច្ចប្រជុំនេះបានប្រារព្ធឡើងនៅសាលប្រជុំសាលាខេត្តអាគារA ដោយមានការអញ្ជើញចូលរួមពី អភិបាលក្រុងស្រុកទាំង៩ មេបញ្ជាការកងកម្លាំងទាំង៣ និងលោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត នាយករដ្ឋបាលសាលាខេត្ត និងមន្រ្ដីរាជការជាច្រើនរូបផងដែរ។

លោក ហ៊ូ តាំងអេ បានថ្លែងថា នៅក្នុងកិច្ចប្រជុំនាឱកាសនេះ មានគោលបំណងរៀបចំ ឲ្យក្រុមការងារដែលបានបង្កើតឡើងកាលពីឆ្នាំ២០១៩ មានសកម្មភាពឡើងវិញ ដែលទាក់ទងនឹងការប្រមូលព័ត៌មាន នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV-DTA website)។

លោករដ្ឋលេខាធិកាក្រសួងផែនការ ក៏បានណែនាំអោយមន្ទីរជំនាញទាំងអស់ ត្រូវអនុវត្តន៍នៅចំណុចសំខាន់ៗចំនួន៣ គឺ៖

*១ ត្រូវធ្វើរបាយការណ៍ទៀងទាត់ ត្រឹមត្រូវ ស្មោះត្រង់ជូនរដ្ឋមន្ដ្រីរបស់ខ្លួន
*២ មានចម្លងជូនអភិបាលខេត្ត និងមន្ទីរផែនការ
*៣ ត្រៀមរបាយការណ៍ទាំងអស់ ដើម្បីបង្ហោះចូលគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-វៀតណាម-ឡាវ (CLV-DTA website)នាពេលខាងមុខ៕