(ប៉េកាំង)៖ អគ្គនាយកបណ្តាញសារព័ត៌មាន Fresh News លោក លឹម ជាវុត្ថា និងប្រធានស្ថាប័នព័ត៌មានជាច្រើនទៀតលើពិភពលោក សរុប១៨៧ស្ថាប័ន បានចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោក (WMS) លើកទី៤ ដោយផ្ទាល់ និងដោយប្រព័ន្ធនិម្មិត នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នៅយប់ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្រាប់ស្ថាប័នព័ត៌មានរបស់កម្ពុជា ក្រៅពីបណ្តាញព័ត៌មាន Fresh News ក៏មាន AKP, CC-Times និង Khmer Times ក៏បានចូលរួមកិច្ចប្រជុំកំពូលនេះ ជាមួយស្ថាប័នសារព័ត៌មានអន្តរជាតិនានាទាំងនោះ។

ក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោក (WMS) វាគ្មិនកិត្តិយសដែលមកពីបណ្តាប្រទេសចូលរួម បានលើកឡើងពីចំណុចសំខាន់ៗ ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងនឹង ព័ត៌មានក្លែងក្លាយ និងការចូលរួមផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ។

សូមជម្រាបថា ក្នុងនាមជាវេទិកាកម្រិតខ្ពស់ដ៏សំខាន់មួយ សម្រាប់ការផ្លាស់ប្តូរទស្សនៈលើប្រព័ន្ធផ្សព្វផ្សាយ កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោក (WMS) ត្រូវបានចាប់ផ្តើមរួមគ្នា ដោយក្រុមអង្គការប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីល្បាញទូទាំងពិភពលោក ក្នុងឆ្នាំ២០០៩។ ក្នុងនោះ រួមមានជាអាទិ៍ Xinhua News Agency, the Associated Press, Reuters, TASS, Kyodo News និងបណ្តាស្ថាប័នព័ត៌មានជាច្រើនទៀត។

កិច្ចប្រជុំកំពូលលើកទីមួយរបស់ កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោក (WMS) ត្រូវបានប្រារព្ធឡើង នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៩។ មានតំណាងប្រមាណ ៣០០នាក់ នៃស្ថាប័នព័ត៌មានចំនួន ១៧០ស្ថាប័ន មកពី ៧០ប្រទេស និងតំបន់ លើពិភពលោកបានចូលរួមកិច្ចប្រជុំកំពូលនេះ ដោយបានចេញសេចក្តីថ្លែងការណ៍រួមគ្នាផងដែរ។

នៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១២ កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោក (WMS) លើកទី២ ត្រូវបានរៀបចំឡើង នៅរដ្ឋធានីម៉ូស្គូ ប្រទេសរុស្ស៉ី ហើយកិច្ចប្រជុំលើកនេះ មានតំណាងប្រមាណ ៣០០នាក់ នៃស្ថាប័នព័ត៌មានចំនួន ២០០ស្ថាប័ន មកពី ១០០ប្រទេស និងតំបន់។ បន្ថែមលើនេះ កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោក (WMS) ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅរដ្ឋធានីដូហា ប្រទេសកាតារ ដែលមានតំណាងប្រមាណ ៣៥០នាក់ មកពី ១០០ប្រទេស និងតំបន់៕