(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចាត់ទុកថា ការផ្តល់សេវារដ្ឋបាល និងការយកកម្រៃសេវារដ្ឋបាល ស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុង-ស្រុកទាំងឡាយណា ដែលធ្វើឡើងក្រៅការិយាល័យ ច្រកចេញចូលតែមួយ ត្រូវចាត់ទុកជាអំពើខុសច្បាប់។

លោកថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកល្វាឯម ខេត្តកណ្ដាល នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកអភិបាលខេត្តកណ្ដាល បានចាត់ទុកថា ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ តាមនីតិវិធីផ្តល់សេវារដ្ឋបាល តាមការិយាល័យច្រកចេញចូលតែមួយ ហើយត្រូវប្រាកដថា គ្រប់ប្រភេទសេវាទាំអស់ ចូលតាមច្រក ចេញតាមច្រក មានន័យថា ទទួលពាក្យនៅច្រក និងការផ្តល់លទ្ធផលសម្រេច ជូនអ្នកស្នើសុំសេវាវិញក៏តាមច្រកដែរ។ ហើយត្រូវចៀសវាងឱ្យបានដាច់ខាតនូវការផ្ដល់សេវាមួយចំនួន ដែលមានការយឺតយ៉ាវ ទាំងការផ្តល់សេវា ការបញ្ជូនតាមប្រព័ន្ធកុំព្យូទ័រ ហើយសេវាមួយចំនួន ការអនុវត្តនៅមិនទាន់បានត្រឹមត្រូវតាមនីតិវិធីនៅឡើយ (ចូលតាមអង្គភាពច្រក តែការផ្តល់លទ្ធផលសម្រេចមិនតាមច្រក)។

លោកបន្ថែមថា ការិយាល័យច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្ដុំប្រភេទសេវារដ្ឋបាល ឱ្យនៅកន្លែងតែមួយ ក្នុងគោលបំណងលើកកម្ពស់ គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវា រដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាការបង្ខិតសេវារដ្ឋបាលឱ្យនៅជិតប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋបានឆាប់រហ័សឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ។

រដ្ឋបាលស្រុក ត្រូវបន្តខិតខំបំពេញការងារតាមតួនាទី ភារកិច្ចបន្តទៀត ពិសេសការលើកម្ពស់គុណភាព តម្លាភាព និងគណនេយ្យភាព ការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន ស្របតាមគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកពង្រឹងអភិបាលកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោកបានណែនាំដល់អាជ្ញាធរស្រុក ត្រូវយកចិត្តទុកដាក់ពង្រឹងយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាល គ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយកិច្ចការនេះ ត្រូវអនុវត្តជាប្រចាំដូចភ្លៀងរលឹម ពិសេសផ្តោតការយកចិត្តទុកដាក់អនុវត្តនូវលក្ខណៈសម្បត្តិ ទាំង៧ចំណុច នៃគោលនយោបាយ «ភូមិឃុំសង្កាត់មានសុវត្ថិភាព»៕