(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលស៊ុយអែត អង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅក្នុងប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិបានបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាមួយក្រោមគម្រោង «ទីផ្សារការងារសម្រាប់ជនគ្រប់រូបនៅកម្ពុជា ការគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាព» ក្នុងគោលបំណងដើម្បីលើកកម្ពស់ទីផ្សារការងាសម្រាប់ជនគ្រប់រូប ដោយគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាព ផ្ដោតជាពិសេសលើយុវជន និងស្ត្រី។

កិច្ចសហប្រតិបត្តិការនេះត្រូវបានលើកឡើងក្នុងជំនួបរវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក ម៉ាកនុស សេមិនសិន (Magnus Saemundsson) លេខាទី១នៃស្ថានទូតស៊ុយអែតប្រចាំកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការងារ។

តាមកិច្ចពិភាក្សាខាងលើបានបញ្ជាក់ថា គម្រោងទីផ្សារការងារសម្រាប់ជនគ្រប់រូបនៅកម្ពុជានេះ មានរយៈពេល២ឆ្នាំ៣ខែ គឺចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

លោក អ៉ិត សំហេង បានលើកឡើងថា កម្ពុជាបានចាប់ផ្តើមបើកដំណើរការប្រទេសឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចរបស់ជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត ធ្វើយ៉ាងណាបង្កលក្ខណៈឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរថែមទៀត ដោយប្រជាពលរដ្ឋកម្ពុជាបន្តរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី។

ស្ថិតនៅក្នុងបរិបទកូវីដ-១៩នេះ លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា កម្ពុជាបានរៀបចំដំណើរការស្វែងរកការងារតាមប្រព័ន្ធបច្ចេកវិទ្យា ដោយកាត់បន្ថយនូវការប្រមូលផ្តុំ ហើយសេវារបស់ក្រសួងការងារនៅតែមានដំណើរការ ក្នុងនោះអ្នកដែលបាត់បង់ការងារក៏អាចសម្ភាសរកការងារថ្មីបានដែរ។

លោកបានបន្តថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) អាចចាត់ទុកថាជាសេវាថ្មី តែទទួលបានជោគជ័យ ក្នុងនោះក៏មានការឧបត្ថម្ភគាំទ្រជាដរាបពីរដ្ឋាភិបាលស៊ុយអែត។ ក្រៅពីនេះ ក៏បានផ្តល់បទពិសោធន៍ និងចំណេះដឹងជាច្រើនដល់មន្ត្រីរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដោយឲ្យមានដំណើរទស្សនកិច្ចសិក្សាស្វែងយល់បន្ថែមទៅកាន់ប្រទេសស៊ុយអែត។ ព្រមជាមួយគ្នានោះ កម្ពុជាក៏ទទួលបានជំនួយហិរញ្ញវត្ថុរៀបចំមជ្ឈមណ្ឌលការងារនៅតាមរាជធានី-ខេត្ត និងមជ្ឈមណ្ឌលការងារចល័តផងដែរ។

ទាក់ទងទៅនឹងការងារជនពិការ កម្ពុជាក៏មានច្បាប់ការពារជនពិការ ដែលច្បាប់នេះពិតជាមានសារសំខាន់ណាស់ ដើម្បីគាំពារដល់ពួកគាត់។ ប៉ុន្តែមានបញ្ហាជាច្រើនទៀតដែលទាមទារឲ្យមានការដោះស្រាយ ពិសេសគឺក្នុងការធ្វើសមារហណកម្មជនពិការទៅក្នុងសហគមន៍ គឺធ្វើយ៉ាងណាផ្តល់ឱកាសការងារជូនដល់ពួកគាត់ឲ្យបានកាន់តែប្រសើរ។ ចំពោះច្បាប់ជនពិការនេះក៏បានកំណត់ដែរថា ក្នុងជួររដ្ឋាភិបាលត្រូវជ្រើសរើសជនពិការឱ្យចូលបម្រើការងារឱ្យបាន២ភាគរយ ចំណែកនៅតាមសហគ្រាសគឺត្រូវឱ្យបាន១ភាគរយនៃចំនួនបុគ្គលិកសរុប។

ឆ្លើយតបតាមសំណើររបស់លោករដ្ឋមន្រ្តី លោក ម៉ាកនុស សេមិនសិន បានសន្យានឹងបន្តខិតខំជួយគាំទ្រថែមទៀតដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអាចបង្កើតមជ្ឈមណ្ឌលការងារថែមទៀតឱ្យបានគ្រប់រាជធានី-ខេត្ត ពោលគឺយ៉ាងតិចមានមជ្ឈមណ្ឌលការងារមួយក្នុងមួយរាជធានី-ខេត្ត ដែលបច្ចុប្បន្ននេះកម្ពុជាមានមជ្ឈមណ្ឌលការងារចំនួន១៣កន្លែង និងមជ្ឈមណ្ឌលការងារចល័តចំនួន៣ទៀតផងដែរ៕