(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា ជាតិគាំពារសង្គម នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៧ របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម តាមរយៈប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីលោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេច លើរបៀបវារៈ សំខាន់ៗ ចំនួន២។

បៀបវារៈសំខាន់ៗទាំង២នោះ រួមមាន៖

១៖ ឯកសារទស្សនទានស្តីពី «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» សេចក្តីព្រាងឯកសារទស្សនទាន ស្តីពី «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage - UHC)» នេះ ត្រូវបានរៀបចំឡើង ដើម្បីកំណត់អំពីក្របខណ្ឌ ក៍ដូចជាគោលបំណង គោលដៅ អភិក្រម វិធិសាស្ត្រ និងជម្រើសគោលនយោបាយគោល ដែលឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ន ជាពិសេស វឌ្ឍនភាព និងបញ្ហាប្រឈមដែលកំពុងជួបប្រទះក្នុងការអភិវឌ្ឍ និងអនុវត្តប្រព័ន្ធថែទាំសុខភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា។
ឈរលើឯកសារទស្សនទាននេះ, ការរៀបចំ «ផែនទីបង្ហាញផ្លូវ» ផ្តោតលើវិមាត្រចំនួនបី ១៖ ពង្រីកវិសាលភាពគ្របដណ្តប់ការថែទាំសុខភាពលើប្រជាពលរដ្ឋ,

២៖ ពង្រឹងការគ្របដណ្តប់សេវាសុខាភិបាល, និង៣៖ ការពារហានិភ័យហិរញ្ញវត្ថុ។

ដើម្បីឈានទៅសម្រេចបាននូវ UHC តាមដំណាក់កាល បរិបទ និងធនធានសមស្រប, ឯកសារទស្សនទាន ក៍គិតបញ្ចូលផងដែរ នូវកត្តាឆ្លងវិស័យគួបផ្សំចំនួន ៧ ផ្សេងទៀតរួមមាន៖ ១. ប្រព័ន្ធអភិបាលកិច្ច, ២. ការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស, ៣. លិខិតបទដ្ឋានគតិយុត្ត, ៤. ការលើកកម្ពស់ហិរញ្ញប្បទានសុខាភិបាល, ៥. ការបង្កើនការអប់រំ និងផ្សព្វផ្សាយ, ៦. ផែនការយុទ្ធសាស្ត្រទំនាក់ទំនង, និង៧. យន្តការត្រួតពិនិត្យ និងវាយតម្លៃ។

ជាលទ្ធផល ដើម្បីឲ្យឯកសារនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ, អង្គប្រជុំបានផ្តល់ទិសដៅ និងបានសម្រេចបង្កើតក្រុមការងារ បច្ចេកទេសអន្តរក្រសួង ដើម្បីរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវឆ្ពោះ ទៅការគ្របដណ្តប់សុខភាពជាសកល ដែលឈរលើមូលដ្ឋានទស្សនទាន ជាមូលដ្ឋានទាំងនេះ ។

២៖ ជម្រើសក្នុងការរៀបចំកែសម្រួលស្ថាប័នទីភ្នាក់ងារ បញ្ជាក់ចំណាយសេវាសុខាភិបាល ប្រតិបត្តិតាមការឯកភាពជាគោលការណ៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ក្រុមប្រឹក្សាជាតិគាំពារសង្គម បានពិភាក្សាលើជម្រើសក្នុងការរៀបចំស្ថាប័ន «ទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល (ទ.ប.ច.ស)» ក្នុងគោលបំណងកែសម្រួលស្ថាប័ននេះ ដោយពង្រីកវិសាលភាពគ្របដណ្តប់លើរបបថែទាំសុខភាព និងរបបហានិភ័យការងារ ដែលកំពុងអនុវត្តដោយបេទ្បាជាតិ សន្តិសុខសង្គម (ប.ស.ស.) និងមុខងារពាក់ព័ន្ធថ្មីៗមួយចំនួន បន្ថែមលើមូលនិធិសមធម៌សុខាភិបាល។

អង្គប្រជុំបានពិភាក្សា និងសម្រេចបង្កើនឯករាជ្យភាពរបស់ ទ.ប.ច.ស ទាំងក្នុងទិដ្ឋភាពហិរញ្ញវត្ថុ និងទិដ្ឋភាពប្រតិបត្តិការ ចំណុះឲ្យក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងអភិបាលកិច្ចល្អ ដោយធានានូវប្រតិតុល្យការ និងបង្កើនប្រសិទ្ធភាព ក្នុងប្រព័ន្ធថែទាំសុខភាពសង្គមនៅកម្ពុជា៕