(ភ្នំពេញ)៖ នៅប្រទេសកម្ពុជាទាំងមូល បន្ទាប់ពីអត្រាកំណើតទារកមានកំណើនខ្ពស់ នៅទសវត្សរ៏ទី៨០ និង៩០នោះ ជាលទ្ធផលវាបានធ្វើឱ្យចំនួនមនុស្សគ្រប់អាយុរៀបការ ក៏បានកើនឡើងច្រើនដែរ ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ។ កំណើនចំនួន ការរៀបការថ្មីៗនេះហើយ ដែលជាមូលហេតុចំបងធ្វើឱ្យមានកំណើន តំរូវការសេវាកម្ម ម្ហូបអាហារ ដែលមានការវិវត្តកាន់តែមានលក្ខណៈស្តង់ដាជាងមុន។
កំណើនកំរិតជីវភាពប្រជាជនកម្ពុជា បូករួមនិងវប្បធម៌នៃការប្រារព្ធពិធីអាពាហ៍ពិពាហ៏ និងកម្មវិធីផ្សេងៗ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការរីកចំរើនវិស័យសេវាកម្មផ្គត់ផ្គង់ម្ហូបអាហារចល័ត នៅកម្ពុជាផងដែរ។
លោក ទូច រដ្ឋា នាយកគ្រប់គ្រង់ក្រុមហ៊ុនបំរើសេវាកម្មម្ហូបអាហារ សេង ហុក ហេង ដែលជាក្រុមហ៊ុននាំមុខមួយ នៅរាជធានីភ្នំពេញបានលើកឡើងថា ក្នុងបទពិសោធជិត៣០ឆ្នាំនៃការធ្វើអាជីវកម្ម ក្រុមហ៊ុនរបស់លោក បានចាប់ផ្តើមគិតពីការវិវត្តខ្លួនកាន់តែ មានលក្ខណៈស្តង់ដាជាងមុនស្របពេល ដែលតំរូវការសេវាកម្មផ្នែកនេះកាន់តែងាកទៅរកស្តង់ដាខ្ពស់ឡើងជាលំដាប់។
បើតាមលោក ទូច រដ្ឋា ក្នុងរយៈពេល២ រឺ ៣ឆ្នាំចុងក្រោយនេះ កំណើនសេវាកម្មរបស់ក្រុមហ៊ុនផ្គត់ផ្គង់ម្ហូបអាហារ សេង ហុក ហេង គឺមានអត្រាដល់ទៅ៣០% ទៅ៤០% ក្នុង១ឆ្នាំៗ។ ហើយបើប្រៀបធៀបក្នុងរយៈពេល៦ឆ្នាំមុនវិញ គឺវាមានកំណើនដល់ទៅ១ពាន់%ឯណោះ។ ក្នុង១ខែៗ ការផ្តល់សេវាម្ហូបអាហាររបស់ សេង ហុក ហេង មានបរិមាណដល់ទៅ២ពាន់៥រយតុដល់៣ពាន់តុ ក្នុងរដូវកាលត្រូវប៉ាន់នៅក្នុងចន្លោះខែ១១ ដល់ខែ៥ និងមានចំនូន១ពាន់តុ ទៅ១ពាន់៥រយតុ ក្នុង១ខែ នៅដូវកាលមិនសូវត្រូវប៉ាន់នៅចន្លោះខែ៦ ដល់ខែ១០នៃឆ្នាំនីមួយៗ។
សូមបញ្ជាក់ថា យោងតាមការអង្កេតជារួមរបស់ក្រុមហ៊ុន ផ្តល់សេវាកម្មម្ហូបអាហារចល័ត ក្នុងការរៀបចំពិធីរៀបការនីមួយៗ ការចំណាយទៅលើម្ហូបអាហារគឺមានចំណែកដល់ទៅ៦០%ទៅ៧០% សំរាប់អ្នកដែលមានជីវភាពមធ្យមរឺក្រោមមធ្យម និងការចំណាយចន្លោះពី៤០%ទៅ៥០% សំរាប់អ្នកដែលមានជីវភាពកំរិតខ្ពស់ ដោយសារតែពួកគេត្រូវចំណាយច្រើនបន្ថែមទៀត សំរាប់ការរៀបចំ និងតុបតែងផ្សេងៗ៕