(ភ្នំពេញ)៖ ក្នុងសង្គមអភិវឌ្ឍន៍ ការកសាងផ្លូវ ស្ពាន និងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធផ្សេងទៀត គឺជាការចាំបាច់សម្រាប់បំពេញតម្រូវជូនប្រជាពលរដ្ឋ។ ផ្ដើមចេញពីភាពប្រត្យក្សនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលដាក់បេះដូងជាប់ជានិច្ចជាមួយជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា បានលើកឡើងថា ការសាងសង់ផ្លូវ និងស្ពាននានា មិនមែនសម្រាប់សម្តេចធ្វើដំណើរតែម្នាក់នោះទេ តែជាការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ការថ្លែងបែបនេះបានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) អញ្ជើញសម្ពោធ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងបើកការដ្ឋានសង់ផ្លូវជាតិលេខ «៧១C» ក្នុងពេលជាមួយគ្នានោះផងដែរ។

ថ្លែងចេញពីទឹកដីស្រុកកំណើតរបស់សម្ដេចផ្ទាល់ មេដឹកនាំដែលចូលរួមរំដោះជាតិរូបនេះបានរំឭកអំពីការឈឺចាប់ និងវិនាសកម្មក្នុងសម័យសង្គ្រាម ដែលផ្ដើមចេញពីអំពើរដ្ឋប្រហារ ១៨ មេសា ១៩៧០ ដើម្បីការទម្លាក់សម្ដេចនរោត្តម សីហនុ និងការរំលាយរបបសង្គមរាស្ត្រនិយម ក្នុងនោះតំបន់ភូមិសាស្ត្រនៃស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ (កាលណោះនៅក្នុងខេត្តកំពង់ចាមតែមួយ) ក៏ត្រូវញាំញីដោយសារសង្គ្រាមយ៉ាងលំបាកវេទនាផងដែរ ពិសេសគឺភូមិសាស្ត្រទីតាំងស្ពានថ្មីនេះតែម្ដង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជួយសហការថែរក្សាសមិទ្ធផលថ្មីៗទាំងឡាយ ដែលកើតឡើងក្នុងសម័យសន្តិភាពនាពេលបច្ចុប្បន្ន ព្រោះសមិទ្ធផលទាំងនេះសុទ្ធតែដើម្បីប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់គ្នា កុំឱ្យដូចកាលពីជំនាន់សង្គ្រាម ដែលសមិទ្ធផលទាំងឡាយត្រូវបានបំផ្លាញស្ទើរគ្មានសល់។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវចំពោះបងប្អូនជនរួមជាតិ ចូលរួមសហការថែរក្សាផ្លូវនេះ! ផ្លូវនេះមិនមែនធ្វើសម្រាប់ខ្ញុំដើរនោះទេ...ក៏ប៉ុន្តែនេះជាតម្រូវការសម្រាប់ប្រជាពលរដ្ឋ»

ជាមួយគ្នានោះ សម្ដេចតេជោក៏បានរំឭកដល់បទចម្រៀងមួយបទរបស់លោក កែវ សារ៉ាត់ គឺបទ «រំដួលក្រចេះ» ដែលមានឃ្លាមួយនោះច្រៀងពាក់ព័ន្ធនឹងការធ្វើដំណើរពីក្រចេះទៅភ្នំពេញ គឺត្រូវឃ្លា «ក្រចេះ-ភ្នំពេញវិលវិញមិនឆ្ងាយ....» ដោយសម្ដេចបានរំឭកទៀតថា កាលពីសម័យមុន ប្រសិនបើគេធ្វើដំណើរពីក្រចេះទៅភ្នំពេញ គឺត្រូវចំណាយពេលសឹងតែ១ថ្ងៃ១យប់ ទើបបានទៅដល់ភ្នំពេញ។

សម្ដេចបានបន្តថា បច្ចុប្បន្ននេះ គឺមិនមុនឡើយ ការធ្វើដំណើរពីខេត្តក្រចេះទៅមករាជធានីភ្នំពេញ គឺប្រើពេលមិនដល់១ថ្ងៃផង ដោយរាជរដ្ឋាភិបាលបានកសាងផ្លូវតភ្ជាប់ជាច្រើនខ្សែ ប្រជាពលរដ្ឋអាចជ្រើសរើសផ្លូវមួយណាក៏ទៅដល់ដូចគ្នា ដូចជា តាមផ្លូវជាតិលេខ៧ តាមផ្លូវជាតិលេខ៧៣ ចេញពីស្រុកឆ្លូងចូលទៅខេត្តទីរួមក្រចេះ តាមផ្លូវឆ្លងស្ពានស្ទឹងត្រង់-ក្រូចឆ្មារនេះក៏ទៅដល់ទីរួមក្រចេះដែរ។ ដូច្នេះស្ថានភាពនៃការធ្វើដំណើរបច្ចុប្បន្នអាចសន្មតថាត្រូវនឹងការនិពន្ធត្រង់ឃ្លា «ក្រចេះ-ភ្នំពេញវិលវិញមិនឆ្ងាយ» ពិតមែនហើយ៕