(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ បានចុះទៅបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន ស្ថិត នៅអាស្រមពោធិរៀង ភូមិពោធិរៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ដោយឃាត់ខ្លួន អ្នកជក់គ្រឿងញៀនបាន៤នាក់ ហើយក៏មានព្រះសង្ឃមួយអង្គផងដែរ ពិតជាហួសចិត្តមែន។

ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៌ អាត់ ខែម បានបញ្ជាក់ថា ព្រះសង្ឃដែលត្រូវបានកម្លាំង នគរបាលរបស់លោក ឃាត់ព្រះកាយពេលកំពុងជក់គ្រឿងញៀននោះ ព្រះនាម ឈុត វុទ្ធី ព្រះជន្ម៣៤វស្សា ជាព្រះសង្ឃគង់នៅវត្តព្រៃទទឹង នៅភូមិព្រៃទទឹងឃុំភ្នំតូច។ ដោយឡែកបក្ខពួក៣នាក់ទៀត រួមមាន ១-រឿន ចាន់ណា អាយុ២១ឆ្នាំនៅ ភូមិក្រមល ឃុំរហាត់ទឹក, ២.ឈ្មោះ រូ សុភេទ  អាយុ១៩ឆ្នាំ នៅភូមិពោធិរៀង​ ឃុំអូរប្រាសាទ និង៣.ឈ្មោះយ៉ាក សៀងនី អាយុ១៨ឆ្នាំ នៅភូមិអូរប្រាំមួយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តំកពង់ចាម។

ក្រោយចាប់ខ្លួនកម្លាំងនគរបាល បានដកហូតវត្ថុតាងរួមមាន ម៉្សៅក្រាមពណ៍ស៦ថង់តូច ម៉ូតូ១គ្រឿង ទូរស័ព្វដៃ៤គ្រឿង កន្ត្រៃ១ ឧបករណ៍ជក់ផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំងនេះ ស្ថិតក្រោមការសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការបន្តទៀត៕