(ភ្នំពេញ)៖ បងស្រី លី ចន្នី អាយុ៤៩ឆ្នាំ មេម៉ាយ មានកូន០៧នាក់ ហើយមានជម្ងឺទាចទឹក ត្រូវបានឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ធ្លាប់ជួយយកគាត់ទៅ ពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ក្នុងអំឡុងខែមករា ឆ្នាំ២០១៥ ខណៈដែលឧត្តមសេនីយ៍ឯក បានដឹកនាំក្រុមការងារយកអំណោយ ទៅចែកជូនចាស់ ជរាគ្មានទីពឹង ស្ថិតនៅភូមិជ្រេសថ្មី និងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ព្រមទាំងបានជួយឧបត្ថម្ភ អង្ករ០១ការ៉ុង និងថវិកា២០ម៉ឺនរៀល ជារៀងរាល់ខែជូនគាត់ផងដែរ។
បន្ទាប់ពីពិនិត្យព្យាបាល ជម្ងឺទាចទឹក នៅមន្ទីរពេទ្យមិនបានទទួលលទ្ធផល បងស្រីបានសាកល្បងទៅរកគ្រូថ្នាំបុរាណខ្មែរ ដើម្បីព្យាបាល ដោយឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ជាអ្នករ៉ាប់រងថ្លៃព្យាបាលទាំងអស់។ ឥឡូវនេះបងស្រី លី ចន្នី បានធូរស្រាលពីជម្ងឺទាចទឹក ចំណែកពោះគាត់ក៏ បានស្រកអស់ ហើយគាត់អាចទៅស៊ីឈ្នួលរើសត្រី បង្គារ ក្តាមសមុទ្រឲ្យគេ នៅឯខេត្តព្រះសីហនុបានទៀត ធ្វើឲ្យ ឯកឧត្តម រ័ត្ន ស្រ៊ាង មានចិត្តរំភើប ត្រេកអរជាមួយបងស្រីយ៉ាងខ្លាំង ហើយឯកឧត្តម នៅតែបន្តជួយឧបត្ថម្ភ អង្ករ០១ការ៉ុង និងថវិកា២០ម៉ឺនរៀល ជូនបងស្រីជារៀងរាល់ខែដដែល ទោះបីជាបងស្រី មានការងារធ្វើហើយក៏ដោយ។
ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលនឹងឈានចូលមកដល់នេះ ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ក៏បានអញ្ជើញបងស្រីមកលេង បញ្ជាការដ្ឋានកងរាជ អាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងឧបត្ថម្ភជូនបងស្រីនូវ ថវិកា១លានរៀល អង្ករ០៤ការ៉ុង ទឹកក្រូច០២កេស ទឹកសុទ្ធ០២កេសផងដែរ ដើម្បីឲ្យបងស្រីយកទៅចូលឆ្នាំ៕