(កំពង់ឆ្នាំង)៖ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីប រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរណ៍ដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋានសហគមន៍ទេសចរណ៍ តាមដងទន្លេសាប និងសួនកំសាន្តនានា ចំនួន ៩,៨០២នាក់។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២១នេះថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ បណ្តែតប្រទីប រយៈពេល៣ថ្ងៃនេះ ខេត្តកំពង់ឆ្នាំងមានភ្ញៀវទេសចរ បានទៅលេងកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ តាមដងទន្លេសាប និងសួន កំសាន្តនានាមានចំនួន ៩,៨០២នាក់ ភាគច្រើននៃភ្ញៀវទេសចរណ៍ គឺទៅលេងនៅតំបន់ទេសចរណ៍ថ្មក្រាល ទឹកធ្លាក់ស្រែអំពិលនិងតំបន់ទេសចរណ៍ វប្បធម៌ផ្សេងៗទៀត។
លោក សេង សាលី បានបន្តថា ខេត្តកំពង់ឆ្នាំងមានកន្លែងមានសក្តានុពលទេសចរណ៍ចំនួន២បែប ទី១៖ សក្តានុពលទេសចរណ៍តាមបែបធម្មជាតិ និងទី២៖ សក្តានុពលទេសចរណ៍តាមបែប វប្បធម៌ប្រវត្តិសាស្ត្រ។ សក្តានុពលទេសចរណ៍ទាំង២បែបនេះកំពុងទាក់ទាញភ្ញៀវទេសចរជាបណ្តើរៗនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
ដោយឡែកចំពោះពិធីបែបសាសនាវិញ លោក សរ លាង ប្រធានមន្ទីរធម្មការខេត្តកំពង់ឆ្នាំង បានឱ្យដឹងដែរថា នៅថ្ងៃប្រារពពិធីបុណ្យអកអំបុក សំពះព្រះខែ នៅខេត្តកំពង់ឆ្នាំង តាមបណ្ដាវត្តអារាម ភាគច្រើនក៏មានរៀបចំពិធីបុណ្យអកអំបុក សំពះព្រះខែ បែបពិធីសាសនានេះផងដែរ។ ក្នុងនោះលោកក៏បានណែនាំដល់បណ្តា វត្តអារាម ធ្វើយ៉ាងណាគោរពឲ្យបាននូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសការណែនាំរបស់រាជរដ្ឋាភិបាល គឺ៣កុំ និង៣ការពារ។
ចំពោះសន្តិសុខក្នុងរយៈពេល៣នេះ សមត្ថកិច្ចនៅគ្រប់មូលដ្ឋានបានគ្រប់គ្រង និងរក្សាបាននូវសណ្ដាប់ធ្នាប់ និងសន្តិសុខបានល្អជូនប្រជាពលរដ្ឋ ពុំមានបទល្មើស អ្វីកើតឡើង គួរឲ្យចាប់អារម្មណ៍នោះឡើយ៕