(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកការចាក់បញ្ចាំងខ្សែភាពយន្តនៃមហោស្រពវប្បធម៌អាស៉ី-អឺរ៉ុប នៅរោងភាពយន្ត Major Cineplex សាខា AEON1 ដើម្បីអបអរសាទរកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលរៀបចំឡើងនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានថ្លែងថា ក្នុងឱកាសរៀបចំ ASEM13 ក្រសួងវប្បធម៌ សហការជាមួយសហភាពអឺរ៉ុប (EU) និងមូលនិធិអាស៉ីអឺរ៉ុប (ASEF) នឹងរៀបចំមហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ដែលជាព្រឹត្តិការណ៍អមផ្សេងៗទៀតនៃ ASEM13 ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌ និងការផ្លាស់ប្តូរសិល្បៈរវាងអាស៉ី និងអឺរ៉ុប។ ក្រសួងវប្បធម៌បានជ្រើសយកខ្សែភាពយន្ត ៤ខ្សែ មកបញ្ចាំងឲ្យទស្សនាដោយឥតគិតថ្លៃ ដែលរឿងទាំង ៤នោះ រួមមាន៖ រឿងទ្វាររបង, រឿងកង្វះរូបភាព, រឿងដុំហ្វីលចុងក្រោយ និងរឿងទាហានស្បែកស។
មហោស្រពវប្បធម៌អាស៉ីអឺរ៉ុប ឆ្នាំ២០២១ មានចំណងជើងថា «អាស៉ី និងអឺរ៉ុប៖ ចំណងវប្បធម៌» ដែលជាមហោស្រពសិល្បៈចម្រុះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធអនឡាញ។ នៅឆ្នាំនេះ ព្រឹត្តិការណ៍ជាង៣០ ដែលមានសិល្បករអាស៉ី និងអឺរ៉ុប ជាង ១០០នាក់ នឹងបង្ហាញអំពីភាពចម្រុះ នៃវប្បធម៌ដ៏សម្បូរបែប និងការសហការប្រកបដោយភាពច្នៃប្រឌិតដ៏អស្ចារ្យពីអាស៉ី និងអឺរ៉ុប តាមរយៈការសម្តែងល្ខោន របាំ តន្រ្តី ការតាំងពិព័រណ៌ និងវេទិកាជជែកពិភាក្សា។
ក្នុងរយៈពេល ៥ថ្ងៃ នៃមហោស្រព ព្រឹត្តិការណ៍សិល្បៈតំណាងឲ្យដៃគូអាស៉ីអឺរ៉ុប ជាង២០ រួមមាន ការសម្តែងរបាំ និងល្ខោន ការប្រគុំតន្ត្រី សិល្បៈសូនរូប ការតាំងពិព័រណ៌ និងវេទិកាពិភាក្សាជាមួយសិល្បករ នឹងត្រូវបានបង្ហាញជាផ្លូវការលើគេហទំព័រ www.ASEMculturalfestival.com ។ កម្មវិធីផ្ទាល់នៅនឹងកន្លែង នៃមហោស្រពនេះ រួមមាន៖ ការតាំងពិព័រណ៌សិល្បៈ ដែលរៀបចំនៅសារមន្ទីរជាតិ និងការបញ្ចាំងខ្សែភាពយន្តចំនួន៤ នៅរោងភាពយន្ត Major Cineplex រាជធានីភ្នំពេញ ដូចបានប្រកាសបើកស្រាប់។
«នៅរាជធានីភ្នំពេញ យើងមានកម្មវិធីវប្បធម៌ចំនួនពីរ ដែលរៀបចំដោយផ្ទាល់គឺការតាំងពិព័រណ៍វប្បធម៌នៅសារមន្ទីរជាតិ ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងការបញ្ចាំងខ្សែភាពយន្តនៅរោងភាពយន្ត Major Cineplex សាខា AEON1 ចំនួន៣ថ្ងៃគឺ ថ្ងៃទី២២, ២៤ និង២៦ ខែវិច្ឆិកានេះ។ ខ្សែភាពយន្តចំនួន៤រឿង ដែលជាសហផលិតកម្មរវាងប្រទេសកម្ពុជា និងប្រទេសបារាំង ព្រមទាំងជាប្រភេទភាពយន្តអឺរ៉ុបដែលថតនៅក្នុងតំបន់អាស៉ី ត្រូវបានជ្រើសរើស សម្រាប់ការចាក់បញ្ចាំងក្នុងព្រឹត្តិការណ៍នេះ រួមមាន៖ រឿងទ្វាររបង, រឿងកង្វះរូបភាព, រឿងដុំហ្វីលចុងក្រោយ និងរឿងទាហានស្បែកស»។ នេះបើតាម រដ្ឋលេខាធិការក្រសួងវប្បធម៌។
បើតាមលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈ ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឲ្យដឹងថា ភាពយន្តទាំង ៤ចំណងជើងនោះ រួមមាន៖
* ១៖ ភាពយន្តរឿង ទ្វាររបង (The Gate) ផលិតក្នុងឆ្នាំ២០១៤ នៅក្នុងទឹកដីកម្ពុជា ក្រោមកិច្ចសហការផលិតរវាង កម្ពុជា បារាំង និងប៊ែលហ្សិក។ ភាពយន្តនេះ ដឹកនាំដោយ លោក Régis Wargnier ជនជាតិបារាំង។
* ២៖ ភាពយន្តរឿង កង្វះរូបភាព (Missing the Picture) ផលិតក្នុងឆ្នាំ២០១៣ នៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហការផលិតរវាង កម្ពុជា និងបារាំង។ រឿងកង្វះរូបភាព ដឹកនាំរឿងដោយ លោក ប៉ាន់ រិទ្ធី ជាផលិតករជនជាតិខ្មែរ ហើយស្នាដៃភាពយន្តរឿងកង្វះរូបភាពនេះ ទទួលបានពានរង្វាន់ពីមហាស្រពភាពយន្តអន្តរជាតិជាច្រើន ក្នុងនោះពានរង្វាន់ Un Certain regard Prize ក្នុងមហោស្រពភាពយន្តកាន ឆ្នាំ២០១៣។
* ៣៖ ភាពយន្តរឿង ទាហ៊ានស្បែកស (White Soldier) ផលិតក្នុងឆ្នាំ២០១៥ ដោយប្រើប្រាស់ទីតាំងថតនៅកម្ពុជា ជំនួសប្រទេសវៀតណាម។ ភាពយន្តនេះ ដឹកនាំរឿងដោយលោក Érick Zonca ជនជាតិបារាំង។ ភាពយន្តរឿង ទាហ៊ានស្បែកស ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពជា «ភាពយន្តទូរទស្សន៍ ឬរឿងភាគល្អបំផុត» ក្នុងកម្មវិធីពានរង្វាន់ International Emmy Awards។
* ៤៖ ភាពយន្តរឿង ដុំហ្វីលចុងក្រោយ (The Last Reels) ផលិតក្នុងឆ្នាំ២០១៤ នៅក្នុងប្រទេសកម្ពុជា ដោយផលិតកម្មហនុមាន ដឹកនាំរឿងដោយ លោកស្រី សុទ្ធោ កូលីកា និងនិពន្ធដោយលោក Ian Master ជនជាតិអង់គ្លេស។ ភាពយន្តរឿង ដុំហ្វីលចុងក្រោយទទួលបានពានរង្វាន់ «Spirit of Asia Award» ដែលជារង្វាន់ពិសេសពីមូលនិធិជប៉ុន នៅក្នុងមហោស្រពភាពយន្តអន្តរជាតិតូក្យូ ឆ្នាំ២០១៤៕