(កំពង់ឆ្នាំង)៖ ក្រុមការងារសាលាអនុគណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដឹកនាំដោយព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណ:ថ្នាក់កិត្តិយស ទីប្រឹក្សាសម្ដេចព្រះអគ្គ មហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រគល់អំណោយជូនពលរដ្ឋងាយរងគ្រោះ ចំនួន២១គ្រួសារ នៅភូមិអូលាជ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពិធីនេះដែរក៏មានការចូលរួមពីព្រះគ្រូវិជ័យរតនមុនី ទិល សារ៉ាន់ ព្រះធម្មធរអនុគណស្រុក, ព្រះគ្រូសិរីបញ្ញាញាណ អ៊ុច សុផល ព្រះសមុហ៍អនុគណស្រុក, ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះរាជាគណៈថ្នាក់កិត្តិយស, ព្រះគ្រូសីរីធម្មវង្សា សេង ដា, ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ, ព្រះគ្រូធម្មបាលរង្សី ឡុច យ៉ាន
និងមានការរៀបចំចែកអំណោយដោយព្រះភិក្ខុធម្មវិរយោ ភឹន សុភី ព្រះចៅអធិការវត្តស្ទឹង។

ព្រះមេត្តិសត្ថា វង្ស កុសល មានសង្ឃដីកាថា ការផ្តល់អំណោយនៅពេលនេះគឺដោយមើលឃើញពីការខ្វះខាត និងដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការ លើកស្ទួយជីវភាពប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយហេតុផ្សេងៗ ក៏ដូចជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដែលកំពុងរីករាល ដាលនៅលើពិភពលោក។

ព្រះមេតិសត្ថា វង្ស កុសល រួមទាំងក្រុមការងារ ក៏បានផ្តាំផ្ញើឱ្យគ្រួសាររងគ្រោះខិតខំថែទាំសុខភាពឱ្យបានល្អ បង្កើនមុខរបរប្រចាំថ្ងៃឡើងវិញ អប់រំកូនចៅឱ្យខិតខំរៀនសូត្រ ជាពិសេសត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលមាន ៣កាពារ និង៣កុំ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យកើតក្នុងគ្រួសារនិងសហគមន៍។

សូមបញ្ជាក់ថា ទេយ្យទានដែលក្រុមការងារសាលាអនុគណ ស្រុករលាប្អៀរ ចែកជូនដល់គ្រួសារងាយរងគ្រោះទាំង ២១គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២០គីឡូ ទឹកត្រី៣ដប ទឹកស៊ីវ៣ដប មី១កេស ត្រីខ ១យួ និងបច្ច័យ៥ម៉ឺនរៀល៕