(តាកែវ)៖ ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បូកថែមទាំងថ្ងៃអាទិត្យ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជិត២ម៉ឺននាក់ បានធ្វើដំណើរកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍ នានានៅក្នុងខេត្តតាកែវ។
លោក ឈូក ប៊ុនថន ប្រធានមន្ទីរស្តីទី នៃមន្ទីរទេសចរណ៍ខេត្តតាកែវ បានឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ បូកនឹងថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានដើរកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ក្នុងខេត្តតាកែវ មានចំនួន ១៧,៧១០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១៧,៦៧៨នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៣២នាក់។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានបន្ថែមថា ក្នុងចំណោមរមណីយ៍ដ្ឋានទេសចរណ៍ចំនួន១១ នៅក្នុងខេត្តតាកែវ គឺរមណីយ៍ដ្ឋានសួនសត្វភ្នំតាម៉ៅ មានចំនួនភ្ញៀវទេសចរ ដើរកម្សាន្តច្រើនជាងគេក្នុងអំឡុង នៃឈប់ថ្ងៃសម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប ឆ្នាំនេះ ហើយក្នុងនោះដែរភ្ញៀវដើរកម្សាន្តតាមរមណីយដ្ឋាន មានដូចជា៖ រមណីយដ្ឋានភ្នំដា មានភ្ញៀវទេសចរជាតិ ៦០៧នាក់, រមណីយដ្ឋានភ្នំជីសូរ មានភ្ញៀវទេសចរជាតិ ១,២១១នាក់ ភ្ញៀវទេសចរអន្តរជាតិ ០៥នាក់, រមណីយដ្ឋានទន្លេបាទី មានភ្ញៀវទេសចរជាតិ ៣,០៤០នាក់ ភ្ញៀវទេសចរបរទេស១៣នាក់
សួនសត្វភ្នំតាម៉ៅ មានភ្ញៀវទេសចរជាតិ ៤,៥២៥នាក់ ភ្ញៀវទេសចរអន្តរជាតិ ១៤នាក់, រមណីយដ្ឋានកំពូលពេជ្រ មានភ្ញៀវទេសចរជាតិ ៤,០៦៩នាក់, មណ្ឌលក្រាំងតាចាន់ មានភ្ញៀវទេសចរជាតិ ៩៨នាក់, រមណីយដ្ឋានបាយ៉ង់កោរ មានភ្ញៀវទេសចរជាតិ ២៦៣នាក់, រមណីយដ្ឋានជ្រោះផ្អោក មានភ្ញៀវទេសចរជាតិ ១,៦៣៦នាក់, រមណីយដ្ឋានជីតាពេជ្រ មានភ្ញៀវទេសរចរជាតិ ២៧០នាក់, រមណីយដ្ឋានភ្នំខ្លែង មានភ្ញៀវទេសចរជាតិ ១,៥០៩នាក់, មណ្ឌលដូនកែវ មានភ្ញៀវទេសចរជាតិ ៤៥០នាក់៕