(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានណែនាំឱ្យមន្ត្រីជំនាញសាខាពន្ធដារខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរដែនដី ធ្វើការផ្សព្វផ្សាយឲ្យបាន ទូលំទូលាយជូនប្រជាពលរដ្ឋអំពីតម្លៃអចលនទ្រព្យ សម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចៀសវាងមានការយល់ច្រលំ ព្រោះវិស័យការងារពន្ធដារ និងគយជាវិស័យដែល មានសារៈសំខាន់ណាស់ ក្នុងការជួយប្រមូលពន្ធលើអចលនទ្រព្យ ដែលអាចជួយបង្កើនប្រាក់ចំណូលជាតិ ក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនទៅមុនបន្តទៀត។
លោក ងួន រតនៈ បានថ្លែងយ៉ាងដូច្នេះនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងកិច្ចប្រជុំពិភាក្សាលើការប្រមូលពន្ធប្រថាប់ត្រា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្ត្រីជំនាញសាខាពន្ធដាខេត្ត និងអភិបាលក្រុងស្រុក។
លោកបន្តទៀតថា ចំពោះការធ្វើបច្ចុប្បន្នភាពនៃតម្លៃអចលនទ្រព្យ សម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រានេះ សូមមន្ត្រីជំនាញពន្ធដារត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការកំណត់តម្លៃ និងកំណត់តំបន់ឲ្យសមស្របទៅនឹងភូមិសាស្ត្រទាំងតំបន់ទីប្រជុំជន ជាពិសេសតម្លៃសេដ្ឋកិច្ចដីធ្លី មានលក្ខណៈខុសគ្នា ដើម្បីចៀសវាងនៅពេលចុះ អនុវត្តមានការតវ៉ាពីអ្នកទទួលសេវា ហើយអាជ្ញាធរដែនដី និងមន្ត្រីជំនាញត្រូវសហការគ្នាធ្វើការងារនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងនោះលោកបានសង្កត់ធ្ងន់ថា ចំពោះការងារសេសសល់ពាក់ព័ន្ធពន្ធដារ និងសូរិយោដីត្រូវរៀបពន្លឿនការដោះស្រាយជូនអ្នកទទួលសេវា និងជំរះចេញឲ្យអស់ ចំពោះដីដែលបានធ្វើការវិនិយោគ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះដែរមានគោលបំណងពិនិត្យឡើងវិញ នូវឧបសម្ព័ន្ធស្តីពីការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធ ប្រថាប់ត្រា ដើម្បីធ្វើការកែសម្រួលនូវភាពខ្វះចន្លោះជាលក្ខណៈបច្ចេកទេស និងតម្លៃឲ្យស្របតាមស្ថានភាពជាក់ស្តែងនៃវិស័យអចនលសទ្រព្យ ជាពិសេសតម្លៃដីធ្លី មានលក្ខណៈខុសគ្នាទាំងភូមិសាស្រ្ត និងជីវភាពរស់នៅប្រជាពលរដ្ឋ។