(កណ្ដាល)៖ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ លោកបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោលបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា និងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រកាសនីយបត្រតែងតាំងព្រះចៅអធិការវត្តពិជ័យរង្សី ស្ថិតនៅឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្នុងឱកាសសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋប្រមាណ ១ពាន់នាក់ លោកបណ្ឌិត គុណ ញឹម បានពាំនាំនូវការសួរសុខទុក្ខ និងការនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងក្នុងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ។ ក្នុងផ្នែកអាណាចក្រ សមិទ្ធផលជាច្រើនដូចជាផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ សាលារៀន និងសំណង់សាធារណៈផ្សេងៗ ត្រូវបានសាងសង់ជាបន្តបន្ទាប់នៅពាសពេញទូទាំងប្រទេស ។
នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ សម្ដេចបានដោះស្រាយបញ្ហាជាច្រើនដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ដូចជាការកាត់បន្ថយកម្រៃសេវាសាធារណៈមួយចំនួន, ការដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ, ការដំឡើងកម្រិតប្រាក់ឈ្នួលអប្បបរមាជូនកម្មករ, ការលុបចោលប័ណ្ណបើកបរទោចក្រយានយន្តប្រភេទ ក១, ការលុបចោលពន្ធលើគ្រឿងកសិកម្ម ពូជនិងជី, ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិរវាងឪពុកម្តាយ និងកូនបង្កើតរវាងប្តីប្រពន្ធ និងរវាងយាយតា និងចៅបង្កើត, ការលើកលែងពន្ធប្រថាប់ត្រាលើការ កាត់ឈ្មោះម្ចាស់យានយន្តដែលទិញលក់ច្រើនតំណ, ការបន្ធូរបន្ថយពន្ធលើវិស័យអប់រំ, ការបញ្ចុះតម្លៃអគ្គិសនី និងទឹកស្អាត, ការបញ្ចប់កិច្ចសន្យាសេវាផ្លូវបង់ប្រាក់ (ផ្លូវវេងស្រេង និងផ្លូវជាតិលេខ៤), និងការចែកដីសម្បទានសេដ្ឋកិច្ចជូនយុទ្ធជនពិការ និងអតីតយុទ្ធជនជាដើម ។
នៅក្នុងពិធីនោះ លោកបណ្ឌិតបានថ្លែងកោតសរសើរនូវការកសាងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តពិជ័យរង្សី ដែលបានមកពីការចូលរួមចំណែកពីពុទ្ធបរិស័ទជិតឆ្ងាយ មូលមតិគ្នាជាឯកច្ឆ័ន្ទកសាងឲ្យលេចជារូបរាងឡើង ព្រមទាំងបានផ្តាំផ្ញើដល់គណៈកម្មការវត្តអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឲ្យប្រើប្រាស់ជាប្រយោជន៍សម្រាប់ពុទ្ធសាសនិកជនទាំងអស់ ហើយត្រូវរួមគ្នាថែរក្សាឲ្យបានស្ថិតនៅគង់វង្សយូរអង្វែង។
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០ នេះ លោកបណ្ឌិត គុណ ញឹម បានជូនពរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យជួបប្រទះតែសេចក្ដីសុខ និងរីកចម្រើន ធ្វើដំណើរទៅកំសាន្តទីជិតឆ្ងាយប្រកបដោយសុវត្ថិភាព ហើយបានស្នើឲ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋអាចទៅវត្ត និងដើរកម្សាន្តប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ។
បន្ទាប់មកពីកម្មវិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សប្បុរសជន ដែលមានស្នាដៃក្នុងការកសាងសមិទ្ធផលនានារួចមក លោកបណ្ឌិត គុណ ញឹម បានចែកអំណោយជូនដល់អ្នកចូលរួមជាង ១ពាន់នាក់ ជាថវិកាមួយចំនួន និងប្រាក់ឧបត្ថម្ភសម្រាប់ការរៀបចំកម្មវិធីអបអរទទួលទេវតាឆ្នាំថ្មី ក្នុងឃុំពុកឫស្សី ។ លោកក៏បានអញ្ជើញជាកិត្តិយសកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តពិជ័យរង្សី ហើយបន្ទាប់មកលោក និងគណៈប្រតិភូ បានចូលរួមពីធីរាប់បាត្រថ្វាយព្រះសង្ឃជំនួនជាង ២០០អង្គ ៕