(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់នូវអានុសាសន៍ចំនួន៤ ទៅកាន់កាន់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីជាគន្លឹះក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ានចិន។ អានុសាសន៍ទាំង៤នោះ រួមមាន៖ ការរួមគ្នាស្តារឡើងវិញសេដ្ឋកិច្ចអាស៊ាន-ចិន ក្នុងបរិបទជំងឺកូវីដ១៩, ពង្រឹងការតភ្ជាប់រវាងអាស៊ាន-ចិន, លើកកម្ពស់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងការប្រកាន់យកនយោបាយពហុភាគីនិយម។

មេដឹកនាំអាស៊ាន-ចិន នៅព្រឹកថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-ចិន។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីលោក ស៊ី ជីនពីង ប្រធានាធិបតីចិន, មេដឹកនាំអាស៊ាន និងអគ្គលេខាធិការអាស៊ានផងដែរ។ ប៉ុន្តែមិនមានវត្តមានមេដឹកនាំប្រទេសមីយ៉ាន់ម៉ានោះឡើយ។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា, លោកប្រធានាធិបតីចិន និងមេដឹកនាំអាស៊ានដទៃទៀត សុទ្ធតែបានថ្លែងសុន្ទរកថាគន្លឹះគូសរំលេចពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងការដាក់ចេញនូវទស្សនៈវិស័យថ្មី ដើម្បីពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិនផងដែរ។

ក្នុងសុន្ទរកថាគន្លឹះថ្លែងទៅកាន់មេដឹកនាំកំពូលរបស់ចិន និងប្រទេសសមាជិកអាស៊ាន, សម្តេចតេជោ បានរំលេចថា អាស៊ាន-ចិន បានបង្កើតទំនាក់ទំនងដ៏ស្អិតរមួត ប្រកបដោយសាមគ្គីភាព និងផ្លែផ្កា ដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព, សន្តិសុខ, វិបុលភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ននៅក្នុងតំបន់ទាំងពីរ។

សម្តេចតេជោ បានបន្ថែមថា ស្របពេលចិនបានក្លាយជាប្រទេសមហាអំណាចឈានមុខមួយ និងមានតួនាទីកាន់តែសំខាន់ និងច្រើនឡើងទាំងក្នុងតំបន់ និងសកលលោក ហើយអាស៊ានក៏បានបំពេញតួនាទីកាន់តែទូលំទូលាយដែរនោះ ទំនាក់ទំនងអាស៊ាន-ចិន នឹងក្លាយជាទំនាក់ទំនងមួយ ដែលកាន់តែសំខាន់ និងចាំបាច់ និងដែលមានអត្ថន័យធំធេង និងប្រកបដោយផ្លែផ្កា សម្រាប់តំបន់ទាំងពីរ ក៏ដូចជាសម្រាប់សកលលោកទាំងមូល។ ជាពិសេសនៅក្នុងបរិការណ៍នៃការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩។

ក្រៅតែពីការគូសរំលេចនូវសារៈសំខាន់នៃទំនាក់ទំនងអាស៊ាន និងចិនហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានដាក់ចេញអានុសាសន៍ចំនួន៤ ដើម្បីជាគន្លឹះក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងអាស៊ាន និងចិនផងដែរ។ អានុសាសន៍ទាំង៤នោះរួមមាន៖

ទី១៖ ការរួមគ្នាស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩៖ ត្រង់ចំណុចនេះ សម្តេចតេជោ បានសម្តែងនូវការអបអរសាទរចំពោះប្រទេសចិន ដែលបានស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញឆាប់រហ័ស ជាមួយនឹងកំណើនប្រមាណ ៩.៨ភាគរយក្នុងរយៈពេលត្រឹមតែ ៩ខែដំបូង ក្នុងឆ្នាំ២០២១នេះ។ សម្តេចតេជោ ក៏បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះចិន ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ និងការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងសកលលោក។

សម្តេចតេជោ បានលើកទឹកចិត្តឱ្យចិនបន្តផ្តល់ជំនួយដល់អាស៊ាន ជាពិសេសផ្តល់ការគាំទ្រចំពោះក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងគំនិតផ្ដួចផ្តើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ១៩។ សម្តេចតេជោ បន្តថា ក្នុងពេលចំពោះមុខនេះ កម្ពុជាលើកទឹកចិត្តឱ្យចិនបើកការធ្វើដំណើរចេញ-ចូលប្រទេស រវាងតំបន់ទាំងពីរអាស៊ាន-ចិន ឡើងវិញ សំដៅពង្រឹង និងលើកស្ទួយនូវវិស័យទេសចរណ៍, សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស, សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ។

ទី២៖ ពង្រឹងការតភ្ជាប់រវាងអាស៊ាន-ចិន៖ សម្តេចតេជោ បានលើកឡើងថា ជាទិសដៅអនាគត កម្ពុជាលើកទឹកចិត្តឱ្យអាស៊ាន-ចិន បន្តពង្រឹងការតភ្ជាប់ក្នុងតំបន់ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការរួមផ្សំផែនការមេតភ្ជាប់អាស៊ានឆ្នាំ ២០២៥(MPAC 2025) និងគំនិតផ្ដួចផ្តើមខ្សែក្រវាត់ និង ផ្លូវ (BRI) ដើម្បីបង្កើនប្រសិទ្ធភាពរំហូរទំនិញ, សេវាកម្មនិងចលនាប្រជាជន។ បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, ការទាញប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គួរត្រូវបានជំរុញ និងយកចិត្តទុកដាក់បន្ថែម ដែលការណ៍នេះនឹងពង្រឹងមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែង ព្រមទាំងនឹងនាំមកនូវវិបុលភាពទៅវិញទៅមក ស្របតាមចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ឆ្នាំ ២០៣០។

ទី៣៖ លើកកម្ពស់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រចំពោះការលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។ សម្តេចតេជោ ក៏បានស្វាគមន៍ផងដែរនូវគំនិតផ្ដួចផ្តើមការអភិវឌ្ឍសកលរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ដែលនឹងក្លាយជាកម្លាំងគាំទ្រដ៏សំខាន់សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍនៅក្នុងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ និង ក្នុងការលើកស្ទួយសិទ្ធិមនុស្ស តាម-រយៈការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។

សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា គំនិតផ្ដួចផ្តើមខាងលើ នឹងបំពេញបន្ថែម និងគាំទ្រដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន-ចិន ឱ្យកាន់តែមានអត្ថន័យខ្លឹមសារ ផ្អែកលើកិច្ចសហប្រតិបត្តិការជាក់ស្តែងដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ។

ទី៤៖ ការប្រកាន់យកនយោបាយពហុភាគីនិយម៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមរួម ក្នុងតំបន់ និងសកលលោក ដោយសន្តិវិធី និងឈរលើស្មារតីនៃការទុកចិត្តទៅវិញទៅមក និងការជឿជាក់ សំដៅរក្សាបាននូវសន្តិភាព, ស្ថិរភាព និង កិច្ចសហ-ប្រតិបត្តិការល្អប្រសើរ និងប្រកបដោយផ្លែផ្កានៅក្នុងតំបន់។

ក្នុងស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រគំនិតផ្ដួចផ្តើមប្រារព្ធខួប ២០ឆ្នាំ នៃការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង ក្នុងឆ្នាំ២០២២ ខាងមុខនេះ។ សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពនៃការចរចាឆ្ពោះទៅរកការបញ្ចប់ ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ដែលប្រកបដោយខ្លឹមសារពេញលេញ និងប្រសិទ្ធភាពខ្ពស់៕