(ភ្នំពេញ)៖ ដើម្បីបន្តចែករំលែកចំណេះដឹងពីវិស័យបរធនបាលកិច្ច ដែលជាវិស័យថ្មីថ្មោងមួយនៅកម្ពុជា និយ័តករបរធនបាលកិច្ច បានបន្តផ្សព្វផ្សាយនូវអត្ថបទមួយទៀត ដែលមានចំណងជើងថា «ការប្តឹងតវ៉ាពីវិធានការ របស់មន្ត្រីអធិការកិច្ចបរធនបាលកិច្ច»។
និយ័តករបរធនបាលកិច្ច បានពន្យល់ថា បុគ្គលណាដែលមិនសុខចិត្ត ចំពោះវិធានការណាមួយ របស់មន្ត្រីអធិការកិច្ចបរធនបាលកិច្ច អាចប្តឹងតវ៉ាក្នុងរយៈពេល៣០ (សាមសិប) ថ្ងៃទៅនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) គិតចាប់ពីថ្ងៃបានទទួលសេចក្តីសម្រេច។
ន.ប.ធ. ត្រូវសម្រេចលើបណ្តឹងតវ៉ាក្នុងរយៈពេល៣០ (សាមសិប) ថ្ងៃយ៉ាងយូរគិតចាប់ពីថ្ងៃទទួលពាក្យប្តឹង។ ក្នុងករណីបុគ្គល នោះមិនសុខចិត្តចំពោះសេចក្តីសម្រេចរបស់ ន.ប.ធ. បុគ្គលនោះមានសិទ្ធិធ្វើបណ្តឹង ទៅតុលាការតាមនីតិវិធី ក្នុងរយៈពេល៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃបានទទួលសេចក្តីសម្រេច (ច្បាប់ស្តីពីបរធនបាលកិច្ច, ២០១៩ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ២០២១, អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ២០២១)៕