(ស្វាយរៀង)៖ ការប្រមូលផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងកំពុងតែមមាញឹក រីឯតម្លៃស្រូវវិញ ធ្លាក់ថ្លៃបន្តិចទូទាត់និងការចំណាយធ្វើឱ្យកសិករមិនសូវចំណេញនោះទេ។
ប្រជាពលរដ្ឋរស់នៅភូមិស្វាយតាភ្លរ ឃុំបាសាក់ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឲ្យដឹងថា សព្វថ្ងៃពួកគាត់ប្រកបរបររកស៊ីធ្វើស្រែចំការហើយសម្រាប់ទិន្នផលស្រូវនៅឆ្នាំនេះ ពុំសូវទទួលបានផលដូចឆ្នាំសព្វមួយដងឡើយ ដោយសារមានស្មៅដុះច្រើនក្នុងស្រែហើយថែមទាំងតម្លៃស្រូវធ្លាក់ចុះទៀតនោះ ធ្វើឲ្យពួកគាត់បានម៉ាទប់ទល់និងក៏មានការខាតបង់។ អ្នកខ្លះទៀតចំណេញបានបន្តិចបន្តួចតែប៉ុណ្ណោះបើធៀបទៅនឹងការចំណាយទៅលើជី ប្រេង និងថ្នាំដែលទិញពីវៀតណាម។
ពលរដ្ឋបានបន្តថា ឈ្មួញវៀតណាមឲ្យតែដល់រដូវច្រូតកាត់ពួកគេតែងតែឡើងមកទិញស្រូវពីពលរដ្ឋខ្មែរនៅព្រំដែនហើយតម្លៃស្រូវវិញតាមតែឈ្មួញវៀតណាមដាក់ឲ្យតែប៉ុណ្ណោះ ដោយសារយើងគ្មានទីផ្សារក្នុងស្រុក។មួយវិញទៀត ពលរដ្ឋខណៈដែលធ្វើស្រែប្រាំងក៏ដូចជាស្រូវវស្សាតែងតែទៅបន្ដាក់ជីគីមី ប្រេង ថ្នាំពីអាជីវករវៀតណាមលុះដល់ពេលប្រមូលផលស្រូវទើបទូទាត់សងគេវិញចំពោះអាជីវករខ្មែរ គេមិនបន្តាក់ឲ្យនោះទេមានលុយទើបគេលក់ឲ្យយកទៅប្រើប្រាស់។
ពលរដ្ឋបន្តថា ចំពោះតម្លៃស្រូវវស្សានៅឆ្នាំនេះមួយគីឡូក្រាមបានតែ ៧០០ ទៅ ៨០០ រៀលតែប៉ុណ្ណោះហើយទិន្នផលស្រូវក្នុងមួយហិកតាបានតែ ២តោនទៅ ៣តោន ដូច្នេះការធ្វើស្រូវឆ្នាំនេះមិនសូវចំណេញទេដោះសារចំណាយទៅលើថ្លៃ ប្រេង ជី ថ្នាំសម្លាប់សត្វល្អិតថ្លៃពេក។
ប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរដែនដីក៏ដូចជាមន្ទីរដែលពក់ព័ន្ធសូមជួយប្រឡាយទឹកនៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ដើម្បីប្រើប្រាស់ ព្រោះសព្វថ្ងៃពួកគាត់បានជីកអណ្ដូងដើម្បីធ្វើស្រែប្រាំងហើយទិញទឹកពីវៀតណាមយកមកប្រើប្រាស់ផងដែរ។ មួយវិញទៀត ក៏បានស្នើឲ្យមានការទិញស្រូវពីពលរដ្ឋក្នុងស្រុកដើម្បីកុំឲ្យប្រជាពលរដ្ឋចំណាយច្រើន និងឈ្មួញវៀតណាមបានដៃពេកក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា ខេត្តស្វាយរៀង មានច្រកអន្តរជាតិព្រៃវល្លិដែលស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងមានការនាំស្រូវទៅលក់នៅប្រទេសវៀតណាមតាមប្រឡាយទាហានស្ថិតក្នុងឃុំថ្មី ក្នុងមួយថ្ងៃមានរថយន្តប្រមាណជាង ១ពាន់ គ្រឿងនិងមានកាណូតឈ្មួញវៀតណាម ឡើងមកទិញដល់ទឹកដីខ្មែរ។
ហើយចំពោះតម្លៃស្រូវដែលវៀតណាមទិញពីឈ្មួញខ្មែរក្នុងមួយគីឡូក្រាមបានតម្លៃ ៩០០ រៀលទៅ ១០០០ រៀលតាមប្រភេទស្រូវ ក្រុមអាជីករខ្មែរបានទិញស្រូវរបស់ប្រជាពលរដ្ឋ ពីខេត្តព្រៃវែង ពោធិ៍សាត់ កំពង់ធំនិងខេត្តមួយចំនួនទៀតមកលក់នៅច្រកនេះ។ មួយវិញទៀតដោយសារច្រកអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ត្រូវបានភាគីវៀតណាមមិនឱ្យនាំស្រូវចូលមកលក់ក្នុងទឹកដីរបស់គេ ដោយភាគីវៀតណាមអះអាងថាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ទើបក្រុមអាជីវករខ្មែរ បានសម្រុកនាំស្រូវទៅលក់នៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀងយ៉ាងគគ្រឹកគគ្រេងតែម្ដង៕