(សៀមរាប)៖ រយៈពេល៤ថ្ងៃ (១៨-២១ វិច្ឆិកា ២០២១) ពោលគឺក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃបូកនឹងថ្ងៃអាទិត្យនេះ១ថ្ងៃទៀត នៅទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួន១៤១,២១៩នាក់ ក្នុងនោះមានភ្ញៀវជាតិប្រមាណ១៤០,០០០នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង១,២១៩នាក់។ នេះបើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នាព្រលប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោកបានបន្តថា ក្នុងចំណោមភ្ញៀវទេសចរជាតិប្រមាណ១៤០,០០០នាក់នោះ មានភ្ញៀវមកពីតាមបណ្តាខេត្តក្នុងអត្រាចាប់ពីប្រមាណ ៧០-៨០% ស្មើនឹងចំនួនចាប់ពីប្រមាណ ១០០,០០០ ទៅ ១១០,០០០នាក់។

លោកប្រធានមន្ទីរបានបង្ហាញអំពីគោលដៅដែលភ្ញៀវទេសចរធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ រួមមាន៖
* រមណីយដ្ឋានអង្គរមានប្រមាណ៩៣,០០០នាក់។
* រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានប្រមាណ១៥,៤០០នាក់។
* សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗមានប្រមាណ៣១,៦០០នាក់ទៀត។

សូមជម្រាបថា នៅក្នុងថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបចំនួន២៣,០៧៣នាក់ ក្នុងនោះមានភ្ញៀវជាតិមានចំនួនប្រមាណ២៣,០០០នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន៧៣នាក់។

នៅក្នុងឱកាសថ្ងៃឈប់រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក (១៨-២០ វិច្ឆិកា ២០២១) ភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តនៅទូទាំងខេត្តសៀមរាបមានចំនួន១១៨,១៤៦នាក់៕