Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ លោក នួន សាម៉េត បើករថយន្តបុកអ្នកជិះម៉ូតូ២នាក់ប្តីប្រពន្ធ, ប្តីស្លាប់ ប្រពន្ធរបួសធ្ងន់

12-04-2016 17:39

(កណ្តាល)៖ លោក នួន សាម៉េត អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងអតីតនាយកខុទ្ទកាល័យ សាលារាជធានីភ្នំពេញ ហើយក៏ជាអតីតអភិបាលរង រាជធានីភ្នំពេញផងនោះ បានបើករថយន្តឡង់គ្រីស័រ ស៊េរីទំនើប បុកអ្នកជិះម៉ូតូ២នាក់ប្ដីប្រពន្ធ បណ្តាលឲ្យបុរសជាប្ដីស្លាប់នៅកន្លែងកើតហេតុ និងប្រពន្ធរបួសធ្ងន់។

សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតហេតុនៅចន្លោះគីឡូម៉ែត្រ១២ និង២២ ត្រង់ចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅម៉ោង១៖០០នាទីរសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦។

សមត្ថកិច្ចឲ្យទៀតថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ មិត្ត សុធា ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រពាំងធំ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង បានជិះម៉ូតូ១គ្រឿងម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FG-1204 ឌុបប្រពន្ធចេញពីភ្នំពេញ ដើម្បីទៅស្រុកកំណើតនៅខេត្តព្រៃវែង លុះដល់ចំណុចកើតហេតុ ក៏បុកគ្នាពេញទំហឹងជាមួយ រថយន្ដមួយគ្រឿងម៉ាក់ឡុងគ្រីស័រ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2Z.8899 ទិសដៅបញ្ច្រាសគ្នា បើកបរដោយ ឈ្មោះ នួន សាម៉េត ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌ័ចំកាមន រាជធានីភ្នំពេញ បណ្ដាលឲ្យឈ្មោះ មិត្ត សុធា ស្លាប់នៅកន្លែងកើតហេតុ ចំណែកឯប្រពន្ធរងរបួសធ្ងន់។

សមត្ថកិច្ចបញ្ជាក់ទៀតថា ម៉ូតូរបស់ជនរងគ្រោះត្រូវខូចខាតទាំងស្រុង ឯរថយន្ដក្រឡាប់ធ្លាក់ជាយផ្លូវ តែមិនបណ្ដាលឲ្យមានអ្នករងរបួសទេ ហើយអ្នកបើកបររថយន្ត គឺ លោក នួន សាម៉េត ត្រូវបានឃាត់ខ្លួនផងដែរ៕

 

Posted by Fresh News Photo on Tuesday, April 12, 2016