ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជារាជធានីភ្នំពេញ ដឹកនាំគណប្រតិភូដាំដើមឈើចំនួន ៤៦០ដើម នៅមជ្ឍមណ្ឌលឥស្លាមកម្ពុជា ឫស្សីជ្រោយ ខេត្តកណ្តាល
21-11-2021 20:39
(កណ្ដាល)៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា និងជាប្រធាន សយមក រាជធានីភ្នំពេញដឹកនាំគណប្រតិភូ អញ្ជើញចុះដាំដើមឈើ ចំនួន ៤៦០ដើម នៅមជ្ឍមណ្ឌលឥស្លាមកម្ពុជា ឫស្សីជ្រោយ ខេត្តកណ្តាល។
កម្មវិធីមានការចូលរួមពីសំណាក់ លោក សេន ណាស៊ី អនុរដ្ឋលេខធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ថ្លែងក្នុងឱកាសនោះ លោក សេន ណាស៊ី បាននាំនូវមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពី លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកស្រី ជូនចំពោះប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ដោយក្តីនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាទីបំផុត។
នៅក្នុងពិធីនោះ លោក រ៉ូហ្វី អូស្មាន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមឲ្យមានការចូលរួមអភិរក្សថែរក្សាដើមឈើ និងបន្តជួយគ្នាដាំដើមឈើបន្ថែមទៀត ព្រោះដើមឈើទាំងនេះហើយដែលជាប្រភពផ្តល់អុកស៊ីសែន សម្រាប់ជីវិតរស់នៅរបស់យើងគ្រប់រូប ដែលនឹងផ្តល់ផលពេញលេញនៅរយៈពេល៣០ឆ្នាំ បន្ទាប់ដែលអាចទាញយកផលទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង។
លោក ក៏បានថ្លែងអំណរអរគុណដល់ លោក សាយ សំអាល់ ដែលបានផ្ដល់ជាដើមឈើសម្រាប់ការដាំដុះ ដែលនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដើម្បីថែរក្សាបរិស្ថាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការចូលរួមថែរទាំប្រព័ន្ធអេកូឡូជីពិភពលោកផងដែរ។
គួរបញ្ជាក់ផងដែរថា ដើមឈើដែលដាំទាំងនោះមានដូចជា ដើមក្រញូង នាងនួន បេង ឈ្នង់ គគី និងឈើទាល ដែលសុទ្ធតែជាប្រភេទឈើប្រណិត និងឈើប្រភេទលេខ១ នៅកម្ពុជា៕