(ភ្នំពេញ)៖ សម្តេចសង្ឃ និងព្រះរាជាគណៈនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការផ្ដួចផ្ដើមរបស់លោក ឌី ពៅ ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស និងក្រុមគ្រួសារ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រគល់ព្រះរាជប្រកាសនីយប័ត្រគោរម្យ៍ងារ «មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍» ជូនមហាឧបាសិកា ទូច សុន។
សម្តេច ព្រះរាជាគណៈ ដែលនិមន្តក្នុងកម្មវិធីប្រគល់ព្រះរាជប្រកាសនីយប័ត្រជូនមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ទូច សុន រួមមាន៖
១៖ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះប្រធានថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិកាវត្តសុវណ្ណមុនី (វត្តចំពុះក្អែក)។
២៖ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជៈ។
៣៖ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណរាជធានីភ្នំពេញ និងជាគ្រូសូត្រស្តាំវត្តបទុមវតី។
៤៖ សម្តេចព្រះមហាអរិយវង្សបណ្ឌិត លី សុវណ្ណរតនា ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមង្គលវ័ន (វត្តស្វាយដង្គំ)។
៥៖ ព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តស្វាយជ្រុំ។
៦៖ ព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាគ្រូសូត្រស្ដាំសុវណ្ណមុនី (ចំពុះក្អែក)។
៧៖ ព្រះពុទ្ធវង្ស ហូរ ឈាវនាថ ព្រះរាជាគណៈថ្នាក់ត្រី ព្រះបាឡាត់គណរាជធានីភ្នំពេញ និងជានាយកសាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
៨៖ ព្រះញាណវង្ស សៅរ៍ មុនី ព្រះរាជាគណៈថ្នាក់ត្រី សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណខណ្ឌច្បារអំពៅ និងជាព្រះចៅអធិការវត្តកំសាន្ត។
៩៖ ព្រះសិរីកោសល សុំ សុខា ព្រះរាជាគណៈថ្នាក់កិត្តិយស សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះអនុគណខណ្ឌកំបូល និងជាព្រះចៅអធិការវត្តភ្នៀតសិម្ពលី។
១០៖ ព្រះមង្គលមេធា ញ៉ែម សុទ្ធី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាគ្រូសូត្រស្តាំវត្តកំសាន្ត។
នាឱកាសនោះ លោក ឌី ពៅ បានលើកឡើងថា ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ទើបជំរុញឲ្យលោកមានឱកាសប្រារព្ធពិធីនេះឡើង។
លោក ឌី ពៅ បានបន្តថា ទោះបីជាពិធីនេះធ្វើឡើងក្នុងបរិបទនៃការរាលដាលជំងឺកូវីដ១៩ក៏ពិតមែន ប៉ុន្តែការរៀបចំគឺអនុវត្តបាននូវវិធានសុខាភិបាលដែលណែនាំដោយរាជរដ្ឋាភិបាល ក្នុងនោះសម្ដេចនាយករដ្ឋមន្ត្រីក៏បានខិតខំជំរុញការចាក់វ៉ាក់ដល់ទៅ៣ដូសជូនប្រជាពលរដ្ឋទូទាំងប្រទេស និងទទួលបានវឌ្ឍនាការរៀងរាល់ថ្ងៃ រីឯប្រជាជនពិតជាទទួលបាននូវការការពារយ៉ាងកក់ក្ដៅផងដែរ។
លោកបានបន្តទៀតថា ការដែលប្រទេសកម្ពុជាមានការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ ក៏មិនអាចកាត់ផ្ដាច់ពីការចូលរួមចំណែករបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដែរ ពីព្រោះសម្ដេចទាំងទ្វេបានចូលរួមយ៉ាងសំខាន់បំផុតក្នុងការជួយកសាង និងជ្រោមជ្រែងព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។ លោកពិតជាមានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចទាំងទ្វេ៕