(តាកែវ)៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០២ខ្នងជាបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។

ក្នុងពិធីប្រគល់ផ្ទះទេវតានេះដែរ លោកស្រី ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

១៖ ផ្ទះទំហំ ៨ គុណ ១១ម៉ែត្រ សង់ជូនគ្រួសារប្អូនស្រី ស៊ាន ស្រីនិច ជាជនពិការជើង រស់នៅភូមិក្រាំងឈើនាង ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ ប្អូនស្រីមានជំងឺហើមជើងពីកំណើត(ជើងដំរី) រស់នៅជាមួយសមាជិកគ្រួសារ៦នាក់ ក្នុងជីវភាពក្រីក្រលំបាក។ ផ្ទះនេះជាអំណោយកេរ្តិ៍មរកតរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

២៖ ផ្ទះទំហំ ៦ គុណ ៧ម៉ែត្រ សង់ជូនគ្រួសារលោក យាយ ប្រាក់ សារឿន អាយុ ៦២ឆ្នាំរស់នៅ ភូមិ កន្សោមអក ឃុំ ព្រៃខ្លា ស្រុក កោះ អណ្ដែត ខេត្ត តាកែវ។ ជាអំណោយកេរ្ត៍មរតក របស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

បន្ថែមលើអំណោយផ្ទះខាងលើ ពួកគាត់ក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនទៀតផងដែរ។

ជាមួយកម្មវិធីសប្បាយរីករាយយ៉ាងក្រៃលែង នេះដែរ លោកស្រី ហ៊ុន ម៉ាណា និងក្រុមការងារ ក៏បានចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមអបអរសាទរពិធីប្រគល់ផ្ទះទេវតានេះដែរ អំណោយរួមមាន៖ សម្ភារសិក្សា, នំកញ្ចប់, សំលៀកបំពាក់, ជែលលាងដៃ, សាប៊ូលាងដៃ និងថវិកាមួយចំនួន។

បន្ទាប់មកពីពិធីប្រគល់ផ្ទះ នៅព្រឹកថ្ងៃដដែលនេះ លោកស្រី ក៏បាននាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំមានជាស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខយកទៅប្រគេនតាមបណ្តាវត្តចំនួន០៤ក្នុងស្រុកទ្រាំង និងស្រុកកោះអណ្តែតនៃខេត្តតាកែវ។

ពីធីនេះត្រូវប្រារព្ធរួមគ្នានៅបរិវេណវត្តកសាងបវរ ហៅវត្ត ដូនភេី ក្នុងឃុំខ្វាវ ខេត្តតាកែវ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពី លោក អ៊ូច ភា អភិបាលខេត្តតាកែវផងដែរ។ នាឱកាសនោះ លោកជំទាវ និងក្រុមការងារ បានអញ្ចើញប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤វត្តទៅតាមទំនៀមទម្លាប់ប្រពៃណី។

លោកស្រី ក៏បានសំណេះសំណាល និងពាំនាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនជូន ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពលរដ្ឋទាំងអស់។

លោកស្រីបានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ។

វត្តអារាមដែលទទួលបានទេយវត្ថុនាពេលនេះរួមមាន៖
១- វត្ត ជួស ឃុំជីខ្មា
២- វត្ត ថ្មផុស ឃុំជីខ្មា
៣- វត្ត កសាងបវ ហៅវត្ត ដូនភេី ឃុំខ្វាវ
៤- វត្ត ឫស្សីស្រុក ឃុំអង្គកែវ

ចំពោះទេយ្យវត្ថុដែលប្រគេនក្នុង១វត្តៗរួមមាន៖
០១- អង្ករ១តោន
០២- ត្រីខ ចំនួន១កេស មាន១០យួរ
០៣- មីចំនួន៥កេសធំ
០៤- ភេសជ្ជៈខារ៉ាបាវ ចំនួន៣កេស
០៥- ត្រីងៀតចំនួន ១០ គីឡូក្រាម
០៦- សាច់ក្រកចំនួន១០ គីឡូក្រាម
០៧- សាច់ជ្រូកផាត់ ចំនួន១០ គីឡូក្រាម
០៨- ទឹកដោះគោខាប់ ចំនួន២កេស
០៩- កាហ្វេ ចំនួន ៥កញ្ចប់ធំ
១០- តែ ចំនួន ២គីឡូក្រាម
១១- ស្ករសចំនួន១បេ
១២- អំបិលចំនួន១បេ
១៣- ប៊ីចេងចំនួន១បេ
១៤- ទឹកត្រីចំនួន៥យួ
១៥- ទឹកស៊ីអ៊ីវចំនួន៥យួរ
១៦- សាប៊ូដុំ ចំនួន ៣០ ដុំតូច
១៧- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
១៨- វីតាមីនសេ ចំនួន ១០ ប្រអប់
១៩- ប្រេងកូឡា ចំនួន ៥ ដុំ
២០- ប្រេងខ្យល់ ចំនួន៥ដុំ
២១- ម៉ាស ចំនួន២០ ប្រអប់ ស្មើនឹង១០០០ម៉ាស
២២- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន
២៣- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប
២៤- ស្លាដក់ចំនួន៤៩
២៥- ថវិកា ចំនួន២លានរៀល៕