(ព្រៃវែង)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែ ភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តព្រៃវែងមានចំនួនប្រមាណជិត ៤០០០នាក់ខណៈដែលរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រៃវែង បានឲ្យដឹងថារយៈពេល ៣ថ្ងៃ បុណ្យអុំទូក បណ្ដែតប្រទីបនិងសំពះព្រះខែ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានអ្នកទេសចរជាតិ មកទស្សនា នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តព្រៃវែង ប្រមាណជា ៣,៩៣៥ នាក់។

ក្នុងនោះរួមមានរមណីយដ្ឋាននគរភ្នំ ១,២៥២នាក់, រមណីយដ្ឋាន អភិរក្សសត្វស្លាបទួលពាន់តាឡី ៧៧១នាក់, រមណីយដ្ឋានបារាយណ៍អណ្ដែត ១,២៣៧នាក់, គោលដៅទេសចរណ៍ស្ទឹងចារ ៥៩៧នាក់, រមណីយដ្ឋានធម្មជាតិ សួនសត្វ តាដាបាយ៉ាប ៤០នាក់, គោលដៅទេសចរណ៍ ប្រាសាទព្រៃដើមស្រុក ៣៨នាក់។

លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រៃវែង បានឲ្យដឹងថា ក្នុងដំណើរកំសាន្ដរបស់ភ្ញៀវទេសចរ ដែលមកទស្សនាកំសាន្ត ដោយមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថា ភ្ញៀវទេសចរនៅបារម្ភខ្លាចជំងឺកូវីដ-១៩ផងដែរ។

ចំពោះការរៀបចំឱ្យចូលទស្សនានៅរមណីយដ្ឋាននានា ត្រូវបានអាជ្ញាធរ និងក្រុមការងាររៀបចំតាមវិធានការណែនាំពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល រៀបចំឱ្យភ្ញៀវទេសចរទាំងអស់ មានវាស់កំដៅ លាងដៃនឹងទឹកអាលកុល និងតម្រូវឱ្យពាក់ម៉ាស់បានគ្រប់គ្នាផងដែរ៕