(បាត់ដំបង)៖ អដ្ឋិធាតុ ព្រះគ្រូអគ្គជោតោ ស្រី លី ព្រះវិន័យធរ អនុគណក្រុងបាត់ដំបង និងជាព្រះចៅអធិការវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង ត្រូវបានរៀបចំដង្ហែរនៅជុំវិញក្រុងបាត់ដំបង នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មុនយកទៅតម្កល់គោរពបូជានៅព្រះវិហារ ក្នុងវត្តពោធិ៍ក្នុង។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ពិធីដង្ហែរអដ្ឋិធាតុ ព្រះអគ្គជោតោ ស្រី លី មានការចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធ ព្រមទាំងព្រះសង្ឃគណៈកម្មការវត្ត ពុទ្ធបរិស័ទជាច្រើនរូបទៀតផងដែរ។

សូមជម្រាបថា លោកតា ស្រី លី ព្រះវិន័យធរអនុគណក្រុងបាត់ដំបង និងជាព្រះចៅអធិការវត្តពោធិ៍ក្នុង ក្រុងបាត់ដំបង បានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៣៖៥២នាទីយប់រំលងអាធ្រាត្រចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមន្ទីរពេទ្យរុស្ស៊ី។

លោកតា ស្រី លី បានធ្លាក់ព្រះកាយអាពាធធ្ងន់ធ្ងរ (ក្អួតធ្លាក់ឈាម) ពេលនិមន្តមកលេងបងប្អូននៅក្នុងខេត្តកំពង់ឆ្នាំង ហើយក៏ត្រូវបានបងប្អូនបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យរុស្ស៉ី។

យោងតាមសាលាអនុគណក្រុងបាត់ដំបង បានឲ្យដឹងថា ព្រះគ្រូអគ្គជោតោ ស្រី លី ប្រសូតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៥០ នៅភូមិព្រីងកោង ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគ្រួសារកសិករមួយ។ បិតានាម ស្រី ឡេង មាតានាម រ៉ាយ មឿន និងមានបងប្អូនបង្កេីតចំនួន៦នាក់ (ប្រុស៣ ស្រី៣) ក្នុងនោះព្រះអង្គជាកូនទី៤។

ព្រះជន្ម១៤ឆ្នាំ ត្រូវបានមាតាបិតានាំទៅផ្ញើនឹងលោកគ្រូចៅអធិការព្រះនាម អ៊ុន នៅវត្តសំបួរមាស ដើម្បីស្នាក់សិក្សារៀនសូត្រ។ ព្រះអង្គបានបួសជាសាមណេរ ក្នុងឆ្នាំ១៩៦៧ និងបានបួសជាភិក្ខុក្នុងឆ្នាំ១៩៧១ ហើយក្នុងឆ្នាំ១៩៧៦ ព្រះអង្គត្រូវបានទាហានខ្មែរក្រហមបង្ខំឲ្យលាចាកសិក្ខាបទមកជាគ្រហស្ថវិញ។

ព្រះអង្គបានចូលសាងផ្នួសជាសាមណេរសាជាថ្មីឡេីងវិញ នៅឆ្នាំ១៩៨៧ ក្នុងសំណាក់ព្រះគ្រូ ប៉ៅ ឈាន នាព័ទ្ធសីមាវត្តមហាគិរីប្រាសាទភ្នំធំ ព្រមទាំងបានបំពេញឧបសម្បទាជាភិក្ខុភាវៈនៅវត្ត រាជនិវេសនារាម ហៅវត្តព្រះពន្លា ក្នុងសំណាក់ព្រះញាណសំវរោ ឡយ លឿង នៅខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ១៩៨៨។

ក្រោយបួសបានរយៈពេល៣ឆ្នាំ ព្រះអង្គបានធ្វើដំណើរមកស្នាក់នៅវត្តពោធិ៍ក្នុង ក្នុងសំណាក់ព្រះគ្រូចៅអធិការ អ៊ុក មុត ដើម្បីបានសិក្សារៀនសូត្របន្ត។ ចំពោះការសិក្សាវិញព្រះគ្រូ អគ្គជោតោ ស្រី លី បានបញ្ចប់ការសិក្សាធម្មវិន័យទាំងបីថ្នាក់ និងពុទ្ធិកបឋមសិក្សាបាលីរងតាំងពីបួសដំបូង។

ក្រោយពេលចូលបួសជាលើកទីពីរនេះ ព្រះគ្រូបានសិក្សាបញ្ចប់ធម្មវិន័យថ្នាក់ត្រី ទោ ឯកជាថ្មីម្តងទៀត ក្នុងសំណាក់លោកគ្រូអាចារ្យ សោម សុវណ្ណ និង លោកគ្រូអាចារ្យ យិន ធឿត ព្រមទាំងបានសិក្សាបញ្ចប់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (បាក់ឌុបភាសាបាលី)នៅឆ្នាំ២០០៥។ ក្រៅពីនេះព្រះគ្រូក៏បានប្រឡងជាប់ទទួលសញ្ញាបត្រសូត្របាតិមោក្ខនិងសញ្ញាបត្រវិបស្សនាធុរៈផងដែរ។

ចំពោះឋានៈនិងតួនាទីវិញ ព្រះគ្រូបានទទួលការតែងតាំងជាលោកគ្រូចៅអធិការវត្តពោធិ៍ក្នុង នៅឆ្នាំ២០០៥ មេដាយស្ថាបនាក្នុងឆ្នាំ២០០៨ និងចុងក្រោយត្រូវបានតែងតាំងជាព្រះវិន័យធរសាលាអនុគណក្រុងបាត់ដំបង។

ព្រះគ្រូអគ្គជោតោ ស្រី លី ជាព្រះថេរៈមួយព្រះអង្គដែលបានសាងផ្នួសបូជាជីវិតចំពោះព្រះពុទ្ធសាសនា។ ព្រះអង្គមិនធ្លាប់មានភរិយាទេ និងមានប្រវត្តិបួសក្នុងព្រះពុទ្ធសាសនាតាំងពីក្មេងរហូតដល់ដង្ហើមចុងក្រោយចន្លោះតែពេលសង្គ្រាមប៉ុណ្ណោះ។

ព្រះអង្គជាព្រះសង្ឃបញ្ញវន្តមួយព្រះអង្គដែលមានចំណេះដឹងខ្ពស់ខ្ពស់ខាងផ្នែកព្រះពុទ្ធសាសនា មានព្រះទ័យទូលំទូលាយ មិនចេះប្រកាន់ខ្លួន និងមិនស្រវាស្រទេញរឿងបុណ្យស័ក្តិអ្វីទាំងអស់។

ក្រោយបញ្ចប់ការសិក្សា ព្រះអង្គបានចំណាយពេលធ្វើការងារវត្ត ការងារមន្ត្រីសង្ឃ និងចូលរួមសកម្មភាពការងារសង្គមទូទៅស្ទើរទាំងស្រុង។ ព្រះអង្គចូលចិត្តសិក្សារៀនសូត្រ ទោះជាស្ថិតនៅក្នុងវ័យចំណាស់ក៏ដោយ។ ព្រះអង្គស៊ូលំបាកខ្លួនឯងដើម្បីឲ្យព្រះសង្ឃក្នុងវត្តទាំងមូលមានឱកាសទៅសាលារៀន។

ព្រះអង្គជាព្រះសង្ឃដែលពុំសូវមានថេរៈដីកាច្រើន គោរពព្រះសង្ឃដទៃ មិនចូលចិត្តអំនួតអួតអាង និងមិនចូលចិត្តចេញមុខមាត់ក្នុងសង្គម។

នៅក្នុងវត្តព្រះអង្គជាលោកគ្រូចៅអធិការដ៏ល្អ និងមានភាពជាគំរូមួយព្រះអង្គ ដែលទទួលបានការគោរពស្រលាញ់ពីសំណាក់ព្រះសង្ឃក្នុងវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត។

ក្រៅពីបដិបត្តិធម៌វិន័យព្រះអង្គបានចំណាយពេលជាមួយនឹងការរៀបចំសណ្តាប់ធ្នាប់ព្រះសង្ឃ និងបរិស្ថានក្នុងវត្ត ជាពិសេសទាក់ទងរឿងអនាម័យនិងសោភណភាព។

ព្រះអង្គបានចំណាយថវិកាផ្ទាល់ព្រះអង្គដែលទទួលបានពីពុទ្ធបរិស័ទយកទៅរៀបចំសាងសង់ ជួសជុលសំណង់ផ្សេងៗ និងរៀបចំសួនច្បារនៅក្នុងវត្តទាំងមូល។ ព្រះអង្គតែងជួលពុទ្ធបរិស័ទដែលទីទ័លក្រឱ្យមកជួយសម្អាតវត្តគ្រាន់នឹងបានថវិកាចិញ្ចឹមជីវិត។

អ្វីដែលព្រះអង្គចង់បានគឺសេចក្តីសុខស្ងប់ក្នុងវត្ត និងសហគមន៍ដែលព្រះអង្គគង់នៅ ហើយដង្ហើមចុងក្រោយរបស់ព្រះអង្គឃ្លាតទៅដោយសេចក្តីស្ងប់សុខ៕