(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែង និងចាប់អារម្មណ៍ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា ដែលសម្ដេចតេជោក្នុងនាមជាឪពុកជាជីតា ដែលតែងតែយកចិត្ដទុកដាក់ទៅលើកូនចៅគ្រប់បែបយ៉ាង។ ពិសេសថ្មីៗនេះ សម្ដេចតេជោបានសង្កេតឃើញចៅទី២១ ដែលតែងតែស្រក់ទឹកភ្នែកតែមិនយំ រហូតធ្វើឲ្យសម្តេចមានការកត់សម្គាល់និងស្នើឲ្យមានការតែងនិពន្ធជាបទចម្រៀងក្រោមចំណងជើងថា «ស្រក់ទឹកភ្នែកតែមិនយំ» ដែលកំពុងក្លាយជាព្រឹត្ដិការណ៍នៃការចាប់អារម្មណ៍ពីអ្នកនិពន្ធ និងអ្នកចម្រៀងល្បីៗ ដោយក្នុងបទចម្រៀងបានច្រៀងរៀបរាប់អំពីអត្ថន័យនៃការស្រក់ទឹកភ្នែកតែមិនយំយ៉ាងផុលផុសពេញព្រះនគរដ៏គួឲ្យសាទរជាទីបំផុត។

ទន្ទឹមនឹងនេះផងដែរ លោក រ័ត្ន សណ្ដាប់ ក៏បានពោលទំាងអួលដើមកថា ចំពោះការស្រក់ទឹកភ្នែកតែមិនយំ របស់ ចៅទី២១ របស់សម្ដេតេជោនេះ គឺពិតជាធ្វើឲ្យយើងនឹកស្រណោះទៅដល់កុមារកម្ពុជាកាលពីអតីតកាលពីទសវត្ស១៩៧០ ពិសេសពីឆ្នំា១៩៧៥ដល់១៩៧៩ នូវសម្រែកទ្រហោយំរបស់កុមារកម្ពុជាទូទំាងព្រះនគរដែលធ្លាប់បានទ្រហ៊ោយំស្ទើរបែកផែនដី តែគ្មានបណ្ដាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សណាលើពិភពលោកនេះបានយកត្រចៀកស្តាប់ ឬធ្វើដឹងធ្វើ ឮដល់ភាពសោកសៅមួរហ្មងរបស់កុមារកម្ពុជានាពេលនោះទ្បើយ។

បានន័យថាសម្រែកទ្រហ៊ោយំរបស់កុមារកម្ពុជានាពេលនោះ ស្តែងចេញពីបេះដូងដោយសារការឈឺចាប់និងក្ដីអស់សង្ឃឹម ទឹកភ្នែកហូរព្រោះស្រណោះខ្លួន មិនដឹងថាមានក្បួនអ្វីអាចរំដោះជីវិតបាន យំស្រែកបង្ហូរទឹកភ្នែករហូតដល់ក្លាយជាសមុទ្រ ឯផែនដីគ្របដណ្តប់ទៅដោយឈាម។

លោក រ័ត្ន សណ្ដាប់ បន្ដថាបើនិយាយអំពីការយំ គឺជាការសន្ទនាដើម្បីបង្ហាញពីអារម្មណ៍ស្រណោះខ្លួននឹកទៅដល់ស្ថានភាពឬព្រឹត្ដិការណ៍អ្វីមួយដែលបានកើតឡើងក្នុងអតីតកាលដែលមិនអាចបំភ្លេចបាន។ ស្ថិតត្រង់ន័យនេះ ចំពោះតំណក់ទឹកភ្នែកចៅទី២១ របស់សម្ដេចតេជោ គឺមានអត្ថន័យឆ្លុះបញ្ចំាងអំពីព្រឹត្ដិការណ៍ដ៏គួរឲ្យសោកសង្វេគក្នុងប្រវត្ដិសាស្រ្ដកម្ពុជាក្នងរបបវាលពិឃាត ពីព្រោះនាពេលនោះពិភពលោកមិនបានយកចិត្តទុកដាក់និងខ្វាយខ្វល់ ឬដឹងឮអំពីទឹកភ្នែករបស់កុមារកម្ពុជាទ្បើយ។

មិនតែប៉ុណ្ណោះ ក៏បានឆ្លុះបញ្ចាំងអំពីភាពសាហាវឃោរឃៅនៃពិភពលោកដែលគ្មានចិត្ដមេត្ដាមកលើកុមារកម្ពុជាដែលធ្លាប់រងគ្រោះពីអតីតកាលផងដែរ។ ហេតុនេះចំពោះតំណក់ទឹកភ្នែកដែលហូរយ៉ាងជោគជាំជ្រែកផែនថ្ពាល់តែមិនយំចៅទី២១ របស់សម្ដេចតេជោនាពេលនេះក៏អាចបង្ហាញពីភាពអត់ធ្មត់សង្កត់ចិត្តហើយបង្ហូទឹកភ្នែកតែមិនយំយែក គឺដើម្បីរក្សាភាពថ្លៃថ្នូររបស់កុមារកម្ពុជា។

ដូចនេះចំពោះការស្រក់ទឹកភ្នែកតែមិនយំរបស់ចៅសម្តេចតេជោ បានបង្ហាញអំពីឆន្ទ:ពិតនិងកែវភ្នែកដ៏មុតស្រួចហើយស្រស់ស្អាតរបស់កុមារខ្លាំង គឺមិនយំ។ ទោះបីជាសារជាតិរបស់កុមារត្រូវបានគេពិពណ៌នាថា ការយំក៏អាចជួយកាត់បន្ថយនូវការឈឺចាប់បានខ្លះៗ យ៉ាងណាក៏ដោយ។

ដូច្នេះការស្រក់ទឹកភ្នែកតែមិនយំ ក៏អាចជាពរជ័យនៃសេចក្ដីសង្គ្រោះ គាប់ជួនលេខរៀងចៅទី២១ របស់សម្តេចតេជោស្របទៅនឹងទស្សន:ខ្មែរលេខទី២១ គឺជាគុណឪពុក៕